ដោយៈ ប៊ី
ភ្នំពេញៈ បណ្តាសហគ្រាស និងក្រុមហ៊ុនវៀតណាម បានវិនិយោគនៅកម្ពុជាមានទឹកប្រាក់សរុបដល់ប្រមាណ២,៧ពាន់លានដុល្លារ ឈរនៅលំដាប់ទី៣បន្ទាប់ពីប្រទេសឡាវ។

ប្រទេសឡាវ ទទួលបានដើមទុនវិនិយោគច្រើនបំផុត ពីសហគ្រាស ក្រុមហ៊ុន វៀតណាម ដោយមានទឹកប្រាក់ជិត៥ពាន់លានដុល្លារ ជាមួយនឹងគំរោងចំនួន២០៨។
យោងតាមទិន្នន័យពីក្រសួងផែនការ និងវិនិយោគវៀតណាមបានឱ្យដឹងកាលពីថ្ងៃទី១៩ កក្កដាកន្លងមកថា កាលពីឆ្នាំមុន អាជីវកម្មវៀតណាម បានចំណាយទឹកប្រាក់ប្រមាណ២១ពាន់លានដុល្លារ ក្នុងគម្រោងជាង១.៣០០នៅក្រៅប្រទេស ដែលធ្វើឲ្យក្រុមហ៊ុននានាប្រមូលប្រាក់ចំណេញ បានកើនឡើងដល់ប្រមាណ៣ពាន់លានដុល្លារ។
ទិន្នន័យដដែលនេះបានបង្ហាញថា វៀតណាមបានវិនិយោគ ទៅគម្រោងសំខាន់ៗមួយចំនួន ដូចជា គម្រោងបណ្តាញទូរគមនាគមន៍របស់ក្រុមហ៊ុន Viettelនៅកម្ពុជា ក្នុងតម្លៃ២២,១លានដុល្លារ។ គម្រោងប្រេង និងឧស្ម័នគ្រប់គ្រងដោយក្រុមហ៊ុន PetroVietnam នៅប្រទេសរុស្ស៊ីក្នុងទឹកប្រាក់ជាង១៧០លានដុល្លារ និងកម្មវិធីរបស់ក្រុមហ៊ុន Petrolimex នៅប្រទេសសឹង្ហបុរីមានតម្លៃជិត១០លានដុល្លារ។
ក្រុមហ៊ុនមិត្តហ្វូនរបស់ Viettel មានចំណែកទីផ្សារប្រហែល៥០ភាគរយ ដែលគ្របដណ្តប់លើបណ្ដាញ៩៩ភាគរយ និងអតិថិជនជាង១០លាននាក់ កំពុងស្ថិតក្នុងលំដាប់លេខ៣ នៃក្រុមហ៊ុនទូរគមនាគមន៍ធំៗនៅកម្ពុជា។
ក្រសួងផែនការ និងវិនិយោគបានបញ្ជាក់ឲ្យដឹងទៀតថា ប្រាក់ចំណូល ដែលបានរក្សាទុកសម្រាប់ការវិនិយោគឡើងវិញ មានចំនួនប្រហែល៣៦៣លានដុល្លារ។ អ្វីដែលគួរកត់សម្គាល់បំផុតកាលពីឆ្នាំមុន ក្រុមហ៊ុនវៀតណាមបានទទួលប្រាក់ចំណេញសម្រាប់ការវិនិយោគរហូតដល់ជាង២៣,១លានដុល្លារ ដោយអាជីវកម្មបានរួមចំណែកប្រហែល ២២លានដុល្លារ ជាកាតព្វកិច្ចហិរញ្ញវត្ថុរបស់រដ្ឋពីការវិនិយោគក្រៅប្រទេស៕






