អភិបាលខេត្តស្ពឺកំពុងជំរុញរោងចក្រទៅបោះទីតាំងនៅតាមផ្លូវជាតិលេខ៤៤

0

ដោយវុត្ថា

ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាងបាននិងកំពុងជំរុញ ក្រុមហ៊ុន រោងចក្រ សហគ្រាសទៅបោះទីតាំងនៅតាមបណ្តោយផ្លូជាតិលេខ៤៤ ដែលកំណាត់ផ្លូវនេះ មានប្រវែង៤៨ គីឡូម៉ែត្រពីទីរួមក្រុងកំពង់ស្ពឺឆ្ពោះទៅកាន់ស្រុកឱរ៉ាល់។

លោកបានមានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២០នេះ ថា រដ្ឋបាលខេត្ត មិនមែនគ្រាន់តែជំរុញរោងចក្រសហគ្រាស ទៅកាន់ស្រុកគងពិសី ស្រុក បសេដ្ឋនៅតាមបណ្តោយផ្លូវជាតិលេខ៤១ នោះទេ។

លោកអភិបាលខេត្តបន្តថា រដ្ឋបាលខេត្តបាន និងកំពុងជំរុញរោងចក្រសហគ្រាសផ្សេងៗ ទៅបោះទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ បន្ថែមទៀត ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋនៅទីនោះ ដើម្បីធ្វើការហើយទទួលបានចំណូល ក្នុងការផ្គត់ផ្គង់ជីវភាពឱ្យកាន់តែប្រសើរឡើង។

លោកបន្ថែមថា “ក្នុងជំនាន់សម្តេចព្រះនរោត្តមសីហនុ មានតែរោងចក្រសហគ្រា​ស​តែមួយប៉ុណ្ណោះ នៅក្នុងខេត្តកំពង់ស្ពឺ គឺរោងចក្រស្ករសកំពង់ត្រាំ ដែលបច្ចុប្បន្ននេះខេត្តកំពង់ស្ពឺមាន២៧១ រោងចក្រដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តទាំងមូល”។លោក ថ្លែងថា “ខ្ញុំមិនមែនតែខិតខំប្រឹងប្រែងរកអ្នកវិនិយោគដាក់នៅស្រុកគងពិសី ស្រុកបសេដ្ឋ នោះទេ យើងខិតខំជំរុញទៅផ្លូវលេខ៤៤ ហើយកាលពីពេលថ្មីនេះខ្ញុំបានចុះហត្ថលេខាឱ្យរោងចក្រចំនួន២បន្ថែមទៀត ឱ្យទៅកាន់ទីនោះក្នុងដំណាក់កាលនៃជំងឺCovid-19 នេះ” ។

លោកអភិបាលខេត្តបញ្ជាក់ថា រហូតមដល់ពេលនេះ គ្មានអ្នកវិនិយោគណាមួយចុះចាញ់ក្នុងការវិនិយោគ ឬបង្កើតរោងចក្រនៅក្នុងខេត្តកំពងស្ពឺទេ ដោយសារគេ (អ្នកវិនិយោគ) ជឿជាក់លើការដឹនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន  និងថ្នាក់ដឹកនាំខេត្តដែលរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពជូនអ្នកវិនិយោគ ជាពិសេសគេជឿជាក់លើកម្ពុជាមានសន្តិភាព។

ផ្លូវជាតិលេខ៤៤ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវជាតិលេខ៤៤ ចាប់ផ្តើមត្រង់គីឡូម៉ែត្រលេខ៤៨ លើផ្លូវជាតិលេខ៤ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន៤ រួមមាន ស្រុងសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ៣៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here