រដ្ឋាភិបាល កែសម្រួលលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកភាគខាងជើងប្រទេសជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា គិត ម៉េង

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ផ្លវដែកមួយខ្សែសម្រាប់បម្រើដល់វិស័យដឹកជញ្ជូននៅភាគខាងជើងនៃប្រទេសកម្ពុជា មានប្រវែងសរុបចំនួន ៣៨៦គីឡូម៉ែត្រ តភ្ជាប់ពីស្ថានីយរាជធានីភ្នំពេញ រហូតដល់ប៉ោយប៉ែត ត្រូវបានរដ្ឋាភិបាលសម្រេចបើកកិច្ចប្រជុំ ដើម្បីធ្វើការកែសម្រួលលើកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុន Royal Railway របស់អ្នកឧកញ៉ា គិត ម៉េង លើប្រតិបត្តិការ និងថែទាំជាបណ្តោះអាសន្ន។

រដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំជាមួយអ្នកតំណាងប្រធានក្រុមហ៊ុន Royal Railway និងមន្ត្រីអន្តរក្រសួងដែលពាក់ព័ន្ធ ដើម្បីកែសម្រួលលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកភាគខាងជើង សម្រាប់ប្រតិបត្តិការ ថែទាំ និងគ្រប់គ្រងណ្តោះអាសន្ន ក្រោមការដឹកនាំដោយលោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការក្រសួងសាធារណៈការ នងដឹកជញ្ជូន។

លោក តូច ចាន់កុសល បានមានប្រសាសន៍បញ្ជាក់ថា “កិច្ចប្រជុំ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Railway ដើម្បីពិភាក្សា និងកែសម្រួលភាពខ្វះចន្លោះក្នុងកិច្ចព្រមព្រៀងប្រតិបត្តិការ ថែទាំ និងគ្រប់គ្រងណ្តោះអាសន្នផ្លូវដែកភាគខាងជើង ដើម្បីឱ្យការអនុវត្តមានភាពច្បាស់លាស់”។

ផ្លូវដែកភាគខាងជើងរបស់ព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីស្ថានីយរាជធានីភ្នំពេញទៅកាន់ ក្រុងប៉ោយប៉ែតតំបន់ព្រំដែនកម្ពុជា-ថៃ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នកាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដើម្បីជួយបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឱ្យកាន់តែមានភាពល្អប្រសើរ ក្រោយការអាក់ខានដំណើរការអស់រយៈពេលប្រមាណ ៤៥ឆ្នាំ។

ការស្ដារផ្លូវដែកពីប៉ោយប៉ែតមកភ្នំពេញមួយខ្សែនេះ ត្រូវចំណាយថវិកាប្រមាណ៧៧លានដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះ ទឹកប្រាក់ជាង១៣លានដុល្លារ គឺជាជំនួយរបស់ធនាគារអភិវឌ្ឍអាស៊ី ADB, ជាង៦៣លានដុល្លារ ជាទឹកប្រាក់របស់រដ្ឋាភិបាលកម្ពុជា, និងជំនួយជាដែកពីម៉ាឡេស៊ីខ្លះផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here