សម្ដេចតេជោបង្ហាញមហិច្ឆិតាថ្មីក្នុងការនាំចេញអង្ករចំនួន១លានតោននៅឆ្នាំ២០២១

0

ដោយៈ រ៉ាណេត

តាកែវៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញពីមហិច្ឆិតាថ្មីក្នុងការនាំចេញអង្ករកម្ពុជា ឱ្យបានចំនួន១លានតោននៅត្រឹមឆ្នាំ២០២១ ជាមួយការធ្វើពិពិធកម្មវិស័យកសិកម្ម ដើម្បីចូលរួមក្នុងច្រវ៉ាក់ផ្គត់ផ្គង់ស្បៀងក្នុងតំបន់ និងបណ្តាប្រទេ​សផ្សេងៗមួយចំនួនទៀត។

នៅក្នុងចុះសំណេះសំណាលជាមួយប្រជាកសិករ នៅកណ្តាលវាលស្រែ ស្រុកព្រៃកប្បាស ខេត្តតាកែវ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែនបានប្រកាសថា នៅត្រឹមឆ្នាំ២០២១ខាងមុខនេះ កម្ពុជាអាចនឹងមានលទ្ធភាពក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ ឱ្យបាន១លានតោន។

សម្ដេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេល ៦ខែ ក្នុងឆ្នាំ២០២០ នេះ នៅខេត្តចំនួន៥របស់កម្ពុជា រួមមានខេត្តស្វាយរៀង ព្រៃវែង កណ្តាល តាកែវ និងខេត្តកំពត បាននាំចេញស្រូវជាង១លានតោន ហើយស្រូវទាំងនេះ នាំចេញទៅកាន់ប្រទេសវៀតណាម។

សម្ដេចបានបញ្ជាក់ថា “ពិតណាស់ វិស័យកសិកម្ម គឺសំខាន់ខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា តាំងពីសម័យដូនតាយើងមកម្ល៉េះ។ ប្រជាពលរដ្ឋខ្មែរ ស្ទើរទូទាំងប្រទេស សុទ្ធសឹងជាអ្នកប្រកបរបរកសិកម្ម”។ សម្តេចបន្ថែមថា “ពេលនេះជាឱកាសល្អបំផុត ក្នុងការជំរុញវិស័យកសិកម្មនៅទូទាំងប្រទេសឱ្យកាន់តែរីកចម្រើន”។

ខេត្តតាកែវ គឺជាដែនដីដ៏មានសក្តានុពលមួយលើវិស័យកសិកម្ម។ កន្លងមក ខេត្តតាកែវ បានជាប់ចំណាត់ថ្នាក់លេខ៣ លើវិស័យកសិកម្ម បន្ទាប់ពីព្រៃវែង និងបាត់ដំបង។

ជាមួយនឹងការបង្ហាញពីគោលបំណងចម្បង ក្នុងការនាំចេញអង្ករកម្ពុជាឱ្យបាន១លានតោន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទិញម៉ាស៊ីនព្រួសស្រូវចំនួន២០០០គ្រឿង ដែលក្នុងនោះម៉ាស៊ីនព្រួសធុនធំ ចំនួន១០០០គ្រឿង និងម៉ាស៊ីនព្រួសធុនតូច ដែលអាចពាក់នៅនឹងចង្កេះចំនួន១០០០គ្រឿង ដើម្បីជួយសម្រួលដល់ការបង្កបង្កើនផលស្រូវ ឱ្យកាន់តែមានភាពងាយស្រួល និងឈានទៅសម្រេចផែនការ របស់រដ្ឋាភិបាលនៅត្រឹមឆ្នាំ២០២១ ឬយ៉ាងយូរនៅក្នុងឆ្នាំ២០២២ខាងមុខនេះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភនូវម៉ាស៊ីនព្រួសស្រូវធុនតូចចំនួន១៥០គ្រឿង ដល់ក្រុមគ្រួសារខ្វះខាត សម្រាប់យកទៅប្រើប្រាស់បម្រើដល់ការបង្កបង្កើនផលលើកស្ទួយជីវភាពគ្រួសារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here