មន្ត្រីជាន់ខ្ពស់ចិន ៖ កិច្ចសហប្រតិបត្តិការចិន-កម្ពុជានឹងរួមចំណែកដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ដែលបាន និងកំពុងកសាងអនាគតរួមគ្នា នឹងរួមចំណែកក្នុងការផ្គត់ផ្គង់ និងបង្កើនស្ថេរភាពលើខ្សែសង្វាក់ឧស្សាហកម្ម ដែលកាន់តែបើកចំហរ និងជំរុញសេដ្ឋកិច្ចក្នុងតំបន់ឱ្យមានការងើបឡើងវិញ។ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងក្នុងសន្និសីទមួយនៅក្នុងប្រទេសកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញថា ប្រទេសចិន និងកម្ពុជាគឺជាប្រទេសជិតខាងដែលមានភាពរួសរាយរាក់ទាក់ និងជាមិត្តដែកថែប។ ឆ្នាំនេះគឺជាខួប ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយក៏ជាខួបមួយឆ្នាំនៃការចុះហត្ថលេខាលើផែនការសកម្មភាពសម្រាប់ការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នាសម្រាប់ភាគីទាំងពីរ។

លោកបានថ្លែង “ប្រទេសចិន និងប្រទេសកម្ពុជាបានគាំទ្រពាណិជ្ជកម្មសេរី និងពហុភាគីនិយម ប្រឆាំងនឹងការគាំពារនិយម និងឯកតោភាគីនិយម។ យើងជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះបន្ទាប់ពីការចុះហត្ថលេខាជាផ្លូវការ នឹងបញ្ចូលកម្លាំងជំរុញថ្មីទៅក្នុងការកសាងគុណភាពនៃគម្រោង BRI និងសហគមន៍ចិន-កម្ពុជាជាមួយនឹងអនាគតរួមគ្នា និងរួមចំណែកដល់ការផ្គត់ផ្គង់មានស្ថេរភាព និងខ្សែសង្វាក់ឧស្សាហកម្ម ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ និងសេដ្ឋកិច្ចបើកចំហដល់ពិភពលោក”។

លោកបញ្ជាក់ថា បន្ទាប់ពីការឯកភាពគ្នា រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ យើងបានធ្វើការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងឈានដល់ការចុះកិច្ចព្រមព្រៀងឆាប់ៗនេះ ដោយបង្ហាញនូវការជឿទុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយកម្រិតខ្ពស់ និងជាគ្រឹះដ៏ស៊ីជម្រៅសម្រាប់កិច្ចសហប្រតិបត្តិការ។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការគំនិតផ្តួចផ្តើមផ្លូវ១ក្រវ៉ាត់មួយ (BRI) ពាណិជ្ជកម្មទំនិញ និងសេវាកម្ម ការវិនិយោគ កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ វានឹងជួយប្រទេសទាំងពីរបើកទូលាយការធ្វើពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀតនាំមកនូវផលប្រយោជន៍ជាក់ស្តែង និងឱកាសអភិវឌ្ឍន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here