ដោយ ៖ រ៉ាណេត
កណ្តាល ៖ អាជ្ញាធរខេត្តកណ្តាល បានគ្រើនរំលឹកដល់ប្រជាពលរដ្ឋដែលមានបំណងទិញដីឡូតិ៍ និងគម្រោងផ្ទះល្វែងថ្មីនានា ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់មុនសម្រេចចិត្តទិញ ជៀសវាងការចាញ់បោកជនខិលខូចដែលប្រកាសលក់ដីខ្យល់ និងគម្រោងសំណង់ខុសច្បាប់។

រដ្ឋបាលខេត្តកណ្តាលនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃ ទី២០ ខែមករា ឆ្នាំ២០២០ របស់លក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ក្រោមការដឹកនាំដោយលោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល ។
លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងកិច្ចប្រជុំថា ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអលនវត្ថុ ជូនអាជីករផ្នែកលក់អចលនវត្ថុនេះធ្វើក្នុងគោលបំណងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) អាចប្រពឹត្តទៅដោយសុវត្ថិភាព និងអាចជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមអំពាវនាវដល់សាធារណជនមេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនមុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូត៍។
ប្រធាននាយកដ្ឋានគ្រប់គ្រងអាជីវកម្ម អចលនវត្ថុបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន លោក ទង ពិសិដ្ឋ បានលើកឡោះងថា យោងតាមសេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលេខ០៨៩ សហវ.ប្រក ចុះថ្ងៃទី២០ មករា ដែលចុះហត្ថលេខាដោយលោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា សេចក្តីប្រកាសនេះមានគោលបំណងសំខាន់ៗចំនួន៥។
គោលបំណងទី១ ធានាប្រសិទ្ឋភាពនៃការគ្រប់គ្រង និងត្រួតពិនិត្យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ ទី២ ធានាសមធ៌ម និងតុល្យភាពនៃផលប្រយោជន៍រវាងអ្នកអភិវឌ្ឍន៍ រវាងអ្នកត្រួតពិនិត្យ និងអ្នកប្រើប្រាស់ ទី៣ បង្ការទប់ស្កាត់ហានិភ័យហិរញ្ញវត្ថុ ក្នុងវិស័យអចលនវត្ថុ ទី៤ ធានាចីរភាពនៃការអភិវឌ្ឍអចលនវត្ថុ សំដៅបង្កើនជំនឿទុកចិត្ត ដើម្បីជម្រុញកំនើនសេដ្ឋកិច្ច និងទី៥ រួមចំណែកទប់ស្កាត់សកម្មភាពលាងសំអាតប្រាក់ ក្នុងវិស័យអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ។
លោកស្រី ខុន លក្ខិណា ប្រធានមន្ទីរ សេដ្ឋកិច្ចនិង ហរិញ្ញវត្ថុ ខេត្តកណ្ដាលមានប្រសាសន៍ថា ការផ្សព្វផ្សាយច្បាប់ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ ព្រមទាំងជួយឱ្យការទិញ-លក់ អចលនទ្រព្យ (ដីឡូត៍ និងផ្ទះ) ខាងលើនេះ អាចជួយពង្រឹងសុវត្ថិភាពនៃការទិញ-លក់អចលវត្ថុនានា ជៀសវាងហានិភ័យជាយថាហេតុដែលបង្កឡើងដោយជនខិលខូច។ ដូច្នេះ សម្រាប់សាធារណជនទាំងអស់ មេត្តាយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនពីគម្រោងឱ្យបានច្បាស់ មុនធ្វើការសម្រេចចិត្តទិញលំនៅឋាន ឬការទិញដីឡូតិ៍៕






