លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ាដឹកនាំកិច្ចប្រជុំអន្តរក្រសួងពីការកាត់ឆ្វៀលដី និងរៀបចំផែនការប្រើប្រាស់ដីខេត្តមណ្ឌលគិរី

0

ដោយរ៉ាណេត

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពី អំពីការងារចុះបញ្ជីដីរដ្ឋការចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រា​យវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។

លោកឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនៅទីស្តីការក្រសួងនារសៀលថ្ងៃទី២២ កក្កដានេះថា ការរៀបចំកិច្ចប្រជុំអន្តរក្រសួងនាពេលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជជែកពិភាក្សាពីការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពល​រដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ការដោះស្រាយវិវាទដីធ្លី ការកាត់ឆ្វៀលដី និងការរៀបចំផែនការប្រើប្រាស់ដី ក្នុងខេត្តមណ្ឌលគិរី។

យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីបានឱ្យដឹងថា គិតមកទល់ពេលនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបណ្ណកម្មសិទ្ធលើដីរដ្ឋបានចំនួន២១១៨បណ្ណស្មើនឹង៨៧ម៉ឺនហិកតា ក្នុងនោះដីសម្បទានសេដ្ឋកិច្ចមាន២០១១ បណ្ណស្មើនឹង៧៤ម៉ឺនហិកតា និងដីរដ្ឋផ្សេងៗទៀតបាន១០៧បណ្ណ ស្មើនឹង១៣ម៉ឺនហិកតា​។

ដោយឡែកនៅខេត្តមណ្ឌលគិរី ក្រសួងបានចេញបណ្ណកម្មសិទ្ធលើដីរដ្ឋ បានចំនួន១៦៧បណ្ណ ទំហំប្រមាណ១៥ម៉ឺនហិកតា។ គិតត្រឹមខែកក្កដាឆ្នាំ២០២០ ការងារចុះបញ្ជីដីធ្លីនៅខេត្តមណ្ឌលគិរីទទួលបានលទ្ធផល ដូចជា ៤៦ភូមិត្រូវបានចុះបញ្ជី និងចេញបណ្ណកម្មសិទ្ធរួចរាល់លើផ្ទៃដីទំហំ១,៩១០,០១៨ហិកតា ស្មើនឹង២៤២១៨ប័ណ្ណ ក្នុងនោះការចុះបញ្ជីដីជូនប្រជាពលរដ្ឋ លើផ្ទៃដីទំហំប្រមាណ៣៩,២២៦ហិកតា ស្មើនឹង២៣,៧៥៥បណ្ណ ចុះបញ្ជីដីរដ្ឋទំហំប្រមាណ១៤៥៦៣៣ហិកតា ស្មើនឹង១៦៧បណ្ណ ។

ដីសហគមន៍ជនជាតិដើមភាគតិច ចុះបញ្ជីបាន៧សហគមន៍ លើផ្ទៃដីទំហំ៦១៥៦ហិកតា ស្មើនឹង២៧៨បណ្ណ និងមាន១០ភូមិកំពុងដំណើរការចុះបញ្ជីដីធ្លី មានលក្ខណះជាប្រព័ន្ធ ចំពោះដីសហគមន៍ជនជាតិដើមភាគតិចចំនួន៦សហគមន៍ ដែលកំពុងដំណើរការនិងបានបញ្ចប់ការបិទផ្សាយជាសាធារណះរួចរាល់។ ការដោះស្រាយវិវាទដីធ្លីគឺដោះស្រាយបាន២២ករណី និងកំពុងបន្តដោះស្រាយចំនួន៣៨ករណី។

ក្រសួងបានបង្កើតគណះកម្មការគាំទ្រការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លីនិងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរីដែលមានសមាសភាពសរុប៣១៣នាក់ ចែកចេញជា ៤ អនុគណៈកម្មការនិងក្រុមការងារចុះបញ្ជីដី មានចំនួន១២ក្រុម ស្មើនឹង២២៥នាក់។

គណៈកម្មការនេះ នឹងចុះបំពេញការងារចាប់ពីថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០២០ ដើម្បីជំរុញពន្លឿនការងារចុះបញ្ជីដីរដ្ឋ ចុះបញ្ជីដីឯកជនរបស់ប្រជាពលរដ្ឋ ចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌ​លគិរី ដែលនៅសេសសល់ក្នុងភូមិទាំង៤៦ ដែលបានចុះបញ្ជីរួច ភូមិចំនួន១០ ដែលកំពុងដំណើរការចុះបញ្ជី និងដំណើរការចុះបញ្ជីក្នុងភូមិចំនួន៣៦ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here