ដោយៈប៊ី
ភ្នំពេញៈ រដ្ឋាភិបាលអាល្លឺម៉ង់ បានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុចំនួន៦៧០លានដុល្លារដល់កម្ពុជា ក្នុងរយៈពេល២២ចុងក្រោយនេះ។ នេះបើយោងតាមការសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០។

ការផ្តល់ទាំងបច្ចេកទេស និងហិរញ្ញវត្ថុនេះត្រូវបានប្រកាសនាថ្ងៃពុធ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ខណៈកម្ពុជា បានរៀបចំកិច្ចប្រជុំអន្តរក្រសួង ត្រៀមសម្រាប់កិច្ចពិគ្រោះយោបល់ស្តីពី កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២០ រវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់។
កិច្ចប្រជុំដែលដឹកនាំដោយ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ តណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា (គ .ជ . ក .អ .ក ) ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់ និងមន្ត្រីជំនាញសរុបប្រមាណ៥០រូប មកពីក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលចំនួន១២ ដែល ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់។
គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និង ត្រៀមលើកសំណើគម្រោងសុំអនុវត្តបន្ន និងឯកភាពទម្រង់ដំណើរការ និងរបៀបវារៈសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ និង / ឬ សំណើគម្រោងថ្មីទៅកាន់ភាគីមិត្ត។
ក្នុងគោលដៅអនុវត្តវិធានការប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីង-១៩ ភាគីកម្ពុជា និងអាល្លឺម៉ង់បានឯកភាពរៀបចំទម្រង់ថ្មី និងរបៀបវារៈសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ឆ្នាំ២០២០ ដោយបែងចែកជា២កម្រិត គឺ ១- ការពិភាក្សាតាមវិស័យ គឺជាកិច្ចប្រជុំទល់មុខ ដើម្បីពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅ ក៏ដូចជាលទ្ធផលនៃការសុខាភិបាល អនុវត្តគម្រោងកន្លងមក និងការលើកសំណើគម្រោងថ្មី សម្រាប់វិស័យចំនួន៥ (គាំពារសង្គម ការអភិវឌ្ឍជនបទ, បរិស្ថាន និងអភិបាលកិច្ច ) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។
២-ការពិភាក្សាកម្រិតនយោបាយ តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) នាថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើទិដ្ឋាភាពនានាដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការកម្ពុជា អាល្លឺម៉ង់។
កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ សុខាភិបាល និងផ្តោតចម្បងលើវិស័យអាទិភាពចំនួន ៣ ទី១- វិស័យ គាំពារសង្គម ទី២ វិស័យអភិវឌ្ឍន៍ជនបទ និងទី៣ អន្តរវិស័យ (ការកែទម្រង់រដ្ឋបាលសាធារណៈ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ, សមភាពយេនឌ័រ និងបរិស្ថាន) ដែលឆ្លើយតបទៅនឹង អាទិភាពរបស់រាជរដ្ឋាភិបាល ដូចមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ជាតិឆ្នាំ២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ៕






