ដោយៈ រ៉ាណេត
ភ្នំពេញៈ តំបន់ជ្រោយចង្វារដែលស្ថិតនៅប៉ែកខាងកើត ដែលខ័ណ្ឌចែកជាមួយរាជធានីភ្នំពេញដោយដងទន្លេសាប បច្ចុប្បន្នកំពុងតែមានសកម្មភាពអភិវឌ្ឍន៍ សំណង់អាគារធំៗខ្ពស់ជាច្រើន ប៉ុន្តែត្រូវបានអ្នកជំនាញអះអាងថា ពិបាកក្នុងការប្រែក្លាយជាតំបន់ពាណិជ្ជកម្មកម្រិតខ្ពស់ ដោយសារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមានកម្រិត។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនCBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនាល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ថា តំបន់ជ្រោយចង្វារគឺមានភាពអំណោយផល ពីកត្តាភូមិសាស្ត្រជាងតំបន់មួយចំនួន ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ ស័ក្ដិសមទៅនឹងការរស់នៅ ដោយមានទន្លេចំនួន២អមសងខាង ហើយមានខ្យល់អាកាសធម្មជាតិល្អ។
លោកស្រីបានបន្តថា “នៅតំបន់នេះភាគច្រើន ជាគម្រោងអភិវឌ្ឍន៍ផ្នែកលំនៅដ្ឋានកម្រិតខ្ពស់ ជាក់ស្ដែងដូចជានៅតាមបណ្តោយផ្លូវជាតិលេខ៦ ចាប់ពីចំណុចជិតគល់ស្ពានជ្រោយចង្វាររហូដល់ផ្លូវបំបែកលីយ៉ុងផាត់ គឺមានគម្រោងបុរីលំនៅដ្ឋានបែបទំនើបៗជាច្រើន”។ លោកស្រីបន្ថែមថា “ដោយឡែកសម្រាប់តំបន់ដែលនៅកៀក នឹងរាជធានីភ្នំពេញ ក៏មានគម្រោងអភិវឌ្ឍន៍សំណង់អាគារខ្ពស់ៗជាច្រើនគម្រោងផងដែរ ដែលភាគច្រើនជាគម្រោងខុនដូ ឬលំនៅដ្ឋានសហកម្មសិទ្ធិបែបទំនើប”។
លោកស្រី អាន សុធីតា បានមានប្រសាសន៍បន្តទៀតថា គម្រោងភាគច្រើនជាលំនៅដ្ឋានបែបទំនើប ដែលវិនិយោគដោយក្រុមហ៊ុនបរទេសច្រើនជាងគ ម្រោងអាគារពាណិជ្ជកម្ម។ ថ្វីត្បិតតំបន់មានការអភិវឌ្ឍន៍វិស័យសំណង់កម្រិតខ្ពស់ ប៉ុន្តែនៅមិនទាន់អាចមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រែក្លាយជាតំបន់ពាណិជ្ជកម្ម ដ៏សកម្មនៅឡើយនោះទេ។ ឧបសគ្គចម្បង គឺបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ នៅមានកម្រិតនៅឡើយ ដែលមិនទាន់អាចឆ្លើយតបទៅនឹងកំណើនមនុស្ស និងចំនួនអាគារនៅឡើយ ដែលវាត្រូវការពេលវេលាយូរបន្ថែមទៀត ជាពិសេសក្រោយការពង្រីកបណ្តាញផ្លូវថ្នល់ឱ្យបានច្រើន និងធំទូលាយជាងសព្វថ្ងៃនេះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ធ្លាប់បានមានប្រសាសន៍ថា តំបន់នេះកំពុងតែមមាញឹក ក្នុងការអភិវឌ្ឍគម្រោងធំៗជាច្រើន និងមានប្រជាប្រិយភាពមួយ ក្នុងចំណោមតំបន់អភិវឌ្ឍន៍នានា ជុំវិញរាជធានីភ្នំពេញ។
លោកឧកញ៉ាបានបន្តថា“មូលហេតុដែលជំរុញឱ្យវិនិយោគិនធំៗ ងាកមកអភិវឌ្ឍន៍តំបន់ជ្រោយចង្វារ ព្រោះតំបន់មួយនេះមានភាពរីកចម្រើនខ្លាំង ជាទីតាំងដែលមានបរិយាកាសល្អបរិសុទ្ធ ប្រសព្វគ្នារវាងទន្លេមេគង្គ និងទន្លេសាប មានសណ្ឋានដីធំទូលាយអំណោយផលដល់ការវិនិយោគ”។ លោកបន្តថា “ដូចខ្ញុំធ្លាប់បាននិយាយហើយថា តាមការព្យាករណ៍របស់ខ្ញុំ ក្រុងភ្នំពេញប្រៀបដូចជាក្រុងហុង”។
លោកឧកញ៉ានួន រិទ្ឋីបានបន្តថា ចំណែកឯតំបន់ជ្រោយចង្វារ ប្រៀបដូចជាតំបន់កៅលន់យ៉ាងដូច្នោះ ព្រោះផ្អែកតាមសកម្មភាពពុះកញ្ជ្រោល លើការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ មិនយូរទៀតនោះទេ តំបន់ជ្រោយចង្វារនឹងបង្ហាញ ពីភាពអស្ចារ្យរបស់ខ្លួន តាមរយៈវត្តមានសំណង់អគារធំៗ ជាបណ្តុំសំណង់លំនៅដ្ឋានលំដាប់អភិជន ព្រោងព្រាត ដែលខណ្ឌមួយចំនួនមិនអាចធ្វើបាននោះទេ ខណៈដែលតំបន់ជ្រោយចង្វារត្រូវបានអ្នកជំនាញប្រសិទ្ធិនាមឱ្យថា ជាទីក្រុងលំដាប់ទី២បន្ទាប់ទីក្រុងចាស់រាជធានីភ្នំពេញ៕