ក្រសួងមហាផ្ទៃជំរុញឱ្យអភិបាលរាជធានីភ្នំពេញ ដោះស្រាយសំណើពលរដ្ឋ ដែលសុំអាស្រ័យផលលើផ្ទៃបឹងសំរោង

ចែករំលែក

ដោយៈរ៉ាណេត

ភ្នំពេញៈ ក្រសួងមហាផ្ទៃបានចេញលិខិតមួយច្បាប់បញ្ជាឱ្យ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះដោះស្រាយករណីសំណើសុំអន្តរាគមន៍កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃបឹងសំរោងទំហំ៧,៤ហិកតា ស្ថិតនៅភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

យោងតាមសេចក្ដីជូនដំណឹង ពីវិធានការរបស់ក្រសួងមហាផ្ទៃ ដែលគេហទំព័រ www.propertyarea.asia ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះបានឲ្យដឹងថា បទបញ្ជានេះត្រូវបានធ្វើឡើង បន្ទាប់ពីបានទទួលលិខិតស្នើសុំរបស់ប្រជាពលរដ្ឋ ដែលបានកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើផ្ទៃបឹងសំរោងទំហំ៧,៤ហិកតា ដែលមានទីតាំងដូចបានបញ្ជាក់ខាងលើនេះ តាំងពីអំឡុងឆ្នាំ១៩៩៤ ដោយមានការទទួលស្គា​ល់ និងមានលិខិតអនុញ្ញាតធ្វើវារីវប្បកម្មរបស់រដ្ឋបាលជលផលផងដែរ។

ក្រោយមកក្រុមហ៊ុនឡាយ ងី បានធ្វើសកម្មភាពចាក់ដីបំពេញ និងធ្វើរបងដោយសំអាងថា បានទទួលលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានីភ្នំពេញ ឲ្យចាក់បំពេញដីទំហំ១១៥.៦៦៤ ម៉ែត្រការ៉េ លើទីតាំងដូចមានក្នុងប័ណ្ណ កម្មសិទ្ឋសម្គាល់កម្មសិទ្ធិកាន់កាប់អចលនវត្ថុ លេខ ភព.៧១០០២ , ភព.៧១០០៥ , ភព.៧១០០៧ , ភព.៧១០១១ , ភព.៧១០១២, ភព.៣៥.៨១០ និងភព.៣៥៨១១ ដែលប័ណ្ណកម្មសិទ្ធិកាន់កាប់ទាំងនេះត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបញ្ជាក់ថា ស្ថិតនៅក្នុងផ្ទៃបឹងសំរោង ដែលត្រូវគ្រប់គ្រង និងការពារដោយច្បាប់ស្ដីពីជលផល និងច្បាប់ភូមិបាល។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៤ ខែ កក្កដា ឆ្នាំ ២០២០ បានសង្កត់ធ្ងន់ថា ” ដោយពិនិត្យឃើញថាសំណើរខាងលើ ស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃសូមបង្វែរករណីនេះជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យ និងដោះស្រាយស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានចែងជាធរមាន រួចធ្វើរបាយការណ៍អំពីលទ្ធផលសម្រេច បានជូនមកក្រសួងមហាផ្ទៃកុំបីខាន។

ជាមួយគ្នានេះ ក្រោយសង្កេតឃើញមានការ ទន្ទ្រានកាន់កាប់ និងចាក់ដីលុបបឹងព្រែកដែលជាសម្បត្តិរបស់រដ្ឋជាបន្តបន្ទាប់ រហូតដល់បង្កឲ្យមានគ្រោះទឹកជំនន់នារដូវវស្សានោះ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៨ ខែ ឧសភា ឆ្នាំ ២០២០បានប្រាប់ទៅកាន់គ្រប់ អភិបាលរាជធានីខេត្តឲ្យជួយទប់ស្កាត់ការរំលោភចាក់ដីលុប ចំណីមាត់ច្រាំងទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ អាងទឹក បឹងបួ។

សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានចេញអនុក្រឹត្យលេខ ៦៥ អន ក្រ បក ចុះ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០០៨ កំណត់ដាក់ផ្ទៃបឹងសំរោងស្ថិតក្នុងឃុំសំរោង ស្រុកពញាឮ ( ពីមុន ) ខេត្តកណ្តាល បច្ចុប្បន្ន ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាសម្ត្តិសាធារណៈរបស់រដ្ឋដែលមានផ្ទៃសរុបចំនួន៣៣៦ហិកតា៕


ចែករំលែក