សម្ដេចក្រឡាហោមសម្រេចបង្កើតក្រុមការងារអន្តរក្រសួងចុះស្រាវជ្រាវករណី ទន្ទ្រានដីនៅខេត្តកណ្ឌលគីរី

0

ដោយៈ វុត្ថា

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ដើម្បីចុះធ្វើការស្រាវជ្រាវ ទៅលើករណីជនខិលខូច ដែលអាចជាប់ពាក់ព័ន្ធទៅនឹងការទន្ទ្រានដី កាន់កាប់ខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ នៅក្នុងខេត្តមណ្ឌលគីរីរាប់ពាន់ហិកតា។

សម្ដេចក្រឡាហោមស  ខេង  ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅថ្ងៃទី ២២  ខែកក្កដា  ឆ្នាំ២០២០ ម្សិលមិញនេះ បានចេញសេចក្ដីសម្រេចស្ដីពី  ការបង្កើតក្រុមការងារអន្តរក្រសួង  ដើម្បីចុះសិក្សាស្រាវជ្រាវលើករណីការកាប់រានទន្ទ្រាន កាន់កាប់ ដីព្រៃខុសច្បាប់ នៅក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងខេត្ត មណ្ឌលគិរី ដោយមានសមាសភាពមន្ត្រីជាន់ខ្ពស់នៃក្រសួងពាក់ព័ន្ធសរុបចំនួន១៣នាក់។

ការសម្រេច និងបង្កើតក្រុមការងារពិសេសអន្តរក្រសួងខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានករណីរកាប់រានទន្ទ្រានដី កាន់កាប់ពីសំណាក់ជនខិលខូចមួយចំនួន ជាពិសេសក្រោយចំណាររបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ពាក់ព័ន្ធទៅនឹងករណី នៃការទន្ទ្រានដីកាន់កាប់ខុសច្បាប់ជាច្រើនហិកតា នៅក្នុងខេត្តមណ្ឌលគីរី សម្ដេចក្រឡាហោមស ខេង ធ្លាប់បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាព ចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ ឆ្នាំ២០២០ កាលពីពេលកន្លងទៅថ្មីៗនេះថា នៅក្នុងខេត្តមណ្ឌលគីរី ដែលជាគោលដៅប៉ូលសេដ្ឋកិច្ចទី៤ប្រចាំប្រទេសមួយនេះ មានករណីទន្ទ្រានដីកាន់កាប់ខុសច្បាប់ ហើយក៏អាចមានជាប់ពាក់ព័ន្ធនឹងមន្ត្រីធំៗមួយចំនួនផងដែរ។

ដូច្នេះចំពោះករណីបែបនេះ ត្រូវតែស្រាវជ្រាវរកមុខជនខិលខូចឱ្យបានច្បាស់ និងដាក់ទោសតាមច្បាប់ដែលបានកំណត់។ ជាក់ស្ដែងដូចជាករណីលោក សេង សុវណ្ណារ៉ា អតីតអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ត្រូវបានដកហូតមុខតំណែង និងចាប់បញ្ជូនទៅពន្ធធនាគារ ឃុំខ្លួនបណ្តោះអាសន្នពាក់ព័ន្ធ នឹងការទន្ទ្រានដីកាន់កាប់ខុសច្បាប់ជាង១០០០ហិកតា នៅក្នុងខេត្តមណ្ឌលគីរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here