ដោយវុត្ថា
ភ្នំពេញៈ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែកថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។
នៅក្នុងសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលចេញផ្សាយនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្ស ដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្ដុំ។
យោងតាមសេចក្ដីណែនាំដដែលនេះក៏បានបញ្ជាក់ដែរថា ឯកសារនេះពុំអាចប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជា កម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្ដល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅ ក្នុងលំនៅឋានអចិន្ដ្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល គ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ។
សេចក្តីណែនាំដែលបញ្ជាក់ទៀតថា ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្ដោប្រវេសន្ដន៍ ដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅ និងទទួលបានសៀវភៅស្នាក់នៅមួយជាកំណត់នៅលំនៅឋាន ដែលខ្លួនស្នាក់នៅអចិន្ដ្រៃយ៍៕