ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំសមាជិកសមាជិកាជាន់ខ្ពស់មួយចំនួនចូលរួមក្នុងកិច្ចប្រជុំក្រុមការងារ “ឃ” នីតិកម្ម ពន្ធដារ និងអភិបាលកិច្ច នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីរកដំណោះស្រាយមួយចំនួនជូនដល់បណ្តាវិនិយោគិនដែលកំពុងជួបបញ្ហានៅក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

ក្រោមវត្តមានរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានក្រុមការងារ “ឃ” ផ្នែករដ្ឋាភិបាល នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ កិច្ចប្រជុំត្រូវបានធ្វើឡើងជារបៀបវារៈចំនួន៥ ដែលត្រូវបានលើកយកមកពិភាក្សា។

របៀបវារៈចំនួន ៥ ដែលជាបញ្ហា និងកង្វល់ របស់វិស័យឯកជន និងត្រូវយកមកពិភាក្សាស្វែងរកដំណោះស្រាយ រួមមាន៖ (១). អត្រាការប្រាក់លើប្រាក់កម្ចីរវាងបុគ្គលទាក់ទិននានា (២).ការអនុវត្តអនុក្រឹត្យលេខ៧៩ អនក្រ.ប្រក ចុះថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២០ ស្តីពីពិន័យអន្តរការណ៍ចំពោះអំពើល្មើសទៅនឹងច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម ដែលក្នុងនោះអង្គប្រជុំបានសម្រេចឲ្យមានរយៈពេលអនុគ្រោះ មួយ(១) ឆ្នាំ ដើម្បីទុកពេលឲ្យ ក្រុមហ៊ុននៅក្នុងវិស័យឯកជនមានលទ្ធិភាព និងពេលវេលាគ្រប់គ្រាន់ក្នុងការកែប្រែ ឬផ្លាស់ប្តូរកម្មវិធីគណនេយ្យដែលអាចប្រើប្រាស់ភាសាខ្មែរ (៣).ការលើកទឹកចិត្ត SMEs ចំពោះវិស័យអាទិភាព លើការកំណត់យកឯកសារដាក់ពាក្យស្នើសុំពីក្រុមហ៊ុននីមួយៗ (៤).នីតិវិធីសម្របសម្រួលការចុះឈ្មោះសមាគមអាជីវកម្មបរទេស និង(៥). ប្រាក់តម្កល់ ៣០០០ ដុល្លារអាមេរិក សម្រាប់ជនបរទេសទាំងអស់ដែលចូលមកកម្ពុជា ជាពិសេស ការប្រែប្រួលនៃស្ថានការណ៍សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណាសម្របសម្រួលពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។

បន្ទាប់ពីបានធ្វើការពិភាក្សាលើចំណុចសំណូមពរខាងលើ អង្គប្រជុំ បានឯកភាពគ្នាទៅលើបញ្ហាមួយចំនួនធំ ហើយបញ្ហាដែលនឹងត្រូវពិភាក្សាគ្នាតាមយន្តការបច្ចេកទេស ទុកឱ្យក្រុមការងារជំនាញបន្តបង្កើនការពិភាក្សាដោះស្រាយបញ្ហាទាំងនោះឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
លោកអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់អ្នកឧកញ៉ា គិត ម៉េង ក្នុងការដើរតួនាទីដ៏សំខាន់ ហើយមានប្រសិទ្ធិភាព ក្នុងការសម្របសម្រួលក្រុមការងារទាំង១៣ វិស័យ ឯកជន ក្រោមឆ័ត្រនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលទទួលបានជាធាតុចូលសំខាន់ៗ បញ្ហាប្រឈម និងសំណូមពរ ជាច្រើនកន្លងមក យកមកដោះស្រាយរួមគ្នា ដើម្បីរួមចំណែកធ្វើយ៉ាងណាសម្រួលពាណិជ្ជកម្ម និង បកស្រាយបំភ្លឺបញ្ជាក់នានាដែលវិស័យឯកជនកំពុងធ្វើអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគ ក្នុងប្រទេសកម្ពុជា៕






