ខេត្តតាកែវបាននឹងកំពុងប្រែមុខមាត់ថ្មីតាមរយៈគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងរោងចក្រជាច្រើន

0

ដោយវុត្ថា

ភ្នំពេញៈ ខេត្តតាកែវនាពេលបច្ចុប្បន្ន បាននឹងកំពុងប្រែមុខមាត់ថ្មី ដែលកាលពីមុនមិនសូវមានការអភិវឌ្ឍ ហើយជីវភាពប្រជាជនពឹងផ្អែកតែលើវិស័យកសិកម្ម ព្រមទាំងខ្វះហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ មកជាខេត្តដែលមានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស មានកំណើន និងសន្ទុះនៃការអភិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្មគួរឲ្យកត់សម្គាល់។

អភិបាលខេត្តតាកែវ លោកអ៊ួច ភា បានមានប្រសាសន៍ឲ្យដឹងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០កន្លងមកថា រដ្ឋបាលខេត្តតាកែវទទួលបាននូវសមិទ្ធផលដ៏ធំធេង គឺការជួសជុល និងស្ថាបនាឡើងវិញនូវផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ២២ និងការសាងសង់ព្រលានយន្តហោះថ្មីខ្នាតអន្តរជាតិ ដែលមានមួយផ្នែកស្ថិតក្នុងទឹកដីនៃខេត្តតាកែវផងដែរ។

លោកថ្លែងថាការងារកសាងអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរូបវ័ន្ត ជាការតភ្ជាប់សរសៃឈាមសេដ្ឋកិច្ចជាតិ និងបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនគ្រប់វិស័យ ជាពិសេសការងារវិនិយោគ ដែលបានចូលរួមលើកកម្ពស់កម្រិតជីវភាព ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែមានការ អភិវឌ្ឍរីកចម្រើនឡើងជាលំដាប់

លោកបន្ថែមថា ចំពោះ វិស័យឧស្សាហកម្ម និងសិប្បកម្ម កំពុងដើរតួរយ៉ាងសំខាន់ក្នុងចំណោមវិស័យសំខាន់ផ្សេងៗទៀត សំរាប់ធ្វើការអភិវឌ្ឍន៍ និងបង្កើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ជាមួយគ្នានេះដែរវិស័យនេះ ក៍កំពុងស្ថិតនៅក្នុងផែនការយុទ្ធសាស្រ្ដអាទិភាព ដើម្បីឆ្លើយតបនឹងគោលនយោបាយ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រស្តីពី ការអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា របស់រាជរដ្ឋាភិបាលផងដែរ។

លោកអភិបាលខេត្តបានបន្តថា វិស័យកាត់ដេរ ក៏រួមចំណែកធ្វើឲ្យការអភិវឌ្ឍវិស័យឧស្សាហកម្មកម្មន្តសាលនិងសិប្បកម្មរបស់ខេត្តកាន់តែមានភាពចម្រុះសម្បូរបែបហើយពង្រីកបាននូវអន្តរកម្មសេដ្ឋកិច្ចរវាងផ្នែកកែច្នៃកម្មន្តសាលជាមួយវិស័យកសិកម្មពាណិជ្ជកម្មនិងសេវាកម្មដែលនឹងធ្វើឲ្យដំណើរការនៃការពង្រឹងសហគ្រាសធុនតូចនិងមធ្យមរបស់ខេត្តកាន់តែមានសន្ទុះរីកចម្រើនទៅមុខថែមទៀត។

ជាក់ស្តែងផ្នែកឧស្សាហកម្ម និងកម្មន្តសាល ដែលគិតមកដល់ពេលនេះ ខេត្តមានរោងចក្រធុនធំចំនួន៥១រោងចក្រ ក្នុងនោះមានរោងចក្រកាត់ដេរសម្លៀកបំពាក់ ២៧ រោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង១១ ផលិតផ្គុំតម្លើងឧបករណ៍សាកថ្មកុំព្យូទ័រ និងទូរស័ព្ទ១ ផលិតកាបូបនិងខ្សែកាបូប៥ផលិតថ្មអារ(ថ្មម៉ាត)១ ផលិតស័ង្កសី បំពង់ទីបនិងបំពង់ទីបអ៊ីណុក១ រោចក្រកិនស្រូវ០២ ផលិតបារី១ ផលិតទឹកក្រូចជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here