ដោយ ៖ វុត្ថា
អាមេរិក ៖ អគារខ្ពស់កប់ពពកមួយស្ថិតនៅក្នុងរដ្ឋ Los Angeles របស់អាមេរិក (U.S. BANK TOWER) បានប្រកាសលក់បញ្ចុះតម្លៃ ៣៤ ភាគរយ ទៅឱ្យក្រុមហ៊ុនអភិវឌ្ឍន៍មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ( World Trade Center ) ដែលជាតម្លៃទាបមិនធ្លាប់មាន ស្ថិតនៅក្នុងក្រុង New York ដោយសារតែការធ្លាក់ចុះនៃអត្រាចំនួនអ្នកជួលការិយាល័យដែលបង្កឡើងដោយជំងឺCovid-19 ។
តាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិកឱ្យដឹងថា អគារ U.S. Bank Tower នេះ មានកំពស់ ៧៣ ជាន់ស្ថិតនៅក្នុងតំបន់ Bunker Hill ជាអគារមួយក្នុងចំណោមអគារលេចធ្លោជាងគេនៅក្នុងទីក្រុង និងជាសំណង់ខ្ពស់ជាងគេមួយនៅខាងលិចទន្លេ Mississippi ។ អគារនេះ ត្រូវបានបើកដំណើរការនៅឆ្នាំ ១៩៨៩ ហើយត្រូវបានគេស្គាល់ថាជាអគារបណ្ណាល័យ និងមជ្ឈមណ្ឌលអន្តររដ្ឋពិភពលោកទីមួយ។
ក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសសឹង្ហបុរី OUE Ltd ដែលទទួលបានសិទ្ធិលក់អគារនេះ បានឱ្យដឹងថា អគារខ្ពស់កប់ពពក U.S BANK TOWER នេះ ត្រូវបានលក់ក្នុងតម្លៃ ៤៣០ លានដុល្លារដែលជាការបញ្ចុះតម្លៃ ៣៤% ពីការវាយតំលៃតម្លៃ ៦៥០ លានដុល្លាររបស់ក្រុមហ៊ុន OUE បានប្រកាសនៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន។
លោក Todd Tydlaska មន្ត្រីផ្នែកលក់នៃក្រុមហ៊ុន CBRE ដែលមិនបានទទួលគម្រោងនេះបានឱ្យដឹងថា ការលក់អគារនេះកំពុងកើតឡើងក្នុងពេលដ៏លំបាកមួយសម្រាប់ទីផ្សារអចលនទ្រព្យការិយាល័យដែលបានធ្វើឱ្យអ្នកវិនិយោគមួយចំនួនមានភាពភ័យខ្លាច។
លោកបន្តថា “ការិយាល័យភាគច្រើន មិនត្រូវបានប្រើប្រាស់ដោយសារអ្នកជួលភាគច្រើនធ្វើការពីផ្ទះដើម្បីជៀសវាងពីការឆ្លងជំងឺCovid-19 ហើយវាមិនដឹងច្បាស់ថាពេលណាដែលពួកគេចង់ត្រឡប់មកអគារខ្ពស់វិញទេ”។
យោងតាមក្រុមហ៊ុនផ្ដល់ទិន្នន័យអចលនទ្រព្យ CoStar បានបង្ហាញថា អគារ U.S. Bank Tower នេះ មានទំហំជាង ១,៤ លានហ្វីតការ៉េ ហើយប្រហែល ២២ ភាគរយនៃអគារនេះមិនត្រូវបានគេជួលឡើយ។
របាយការណ៍របស់ក្រុមហ៊ុន CBRE បានបង្ហាញដែរថា ចំនួនការិយាល័យទំនេរ (មិនមានអ្នកជួល) ជាមធ្យមនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាលក្រុង គឺធ្លាក់ចុះ ១៣ ភាគរយនៅក្នុងត្រីមាសទី២កន្លងទៅនេះ៕