បារាំងប្តេជ្ញាចូលរួមស្តារឡើងវិញវិស័យទេសចរណ៍កម្ពុជា

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ១.៥លានអឺរ៉ូ (ប្រមាណ១.៧លានដុល្លារ)ក្រោមគម្រោងពង្រឹងសមត្ថភាពក្នុងវិស័យទេសចរណ៍ (២០២០-២០២៣) ដើម្បីចូលរួមស្តារឡើងវិញនូវវិស័យទេសចរណ៍កម្ពុជា ក្រោយបញ្ចប់វិបត្តិជំងឺ Covid-19 ខណៈវិស័យនេះ បានទទួលរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

នេះ បើយោងតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និង លោកស្រី Ophelie BOURHIS ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ប្រចាំកម្ពុជា និងមានការចូលរួមពីអាជីវករទេសចរណ៍ជាជនជាតិបារាំងនៅកម្ពុជាផងដែរ កាលពីទី២៣ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ ។

លោក ណេប សាមុត ឱ្យដឹងថា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានគាំទ្រក្នុងការប្រើប្រាស់គម្រោងហិរញ្ញប្បទានរបស់ទីភ្នាក់ងារអភិវឌ្ឍន៍ បារាំងពង្រឹងស្តារឡើងវិញក្នុងវិស័យទេសចរណ៍ក្រោមហិរញ្ញប្បទាន ១,៥ លានអ៊ឺរ៉ូ របស់ខ្លួន នឹងប្រើប្រាស់លើគម្រោងសកម្មភាពចំនួន២៤ គម្រោងសម្រាប់ ចូលរួមផែនការស្តារឡើងវិញក្នុង និងក្រោយវិបត្តិCovid-19 ឱ្យមានភាពល្អប្រសើរឡើងវិញ។

លោកបន្តថា ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាលើការដាក់ចេញវិធានការគាំទ្រវិស័យទេសចរណ៍កម្ពុជា ក្នុងដំណាក់កាលជំងឺ Covid-19 និងចាប់ផ្តើមពីការអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍ ការជំរុញចលនាទេសចរណ៍ក្នុងស្រុក ដើម្បីធានាថា កម្ពុជាជាគោលដៅទេសចរណ៍គុណភាព និងកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងបាន ពិភាក្សាបន្ថែមអំពីធាតុចូល (Inputs) សម្រាប់ការរៀបចំផែនទីចង្អុលផ្លូវសម្រាប់ត្រៀមស្តារឡើងវិញនៃកំណើនទេសចរណ៍ ឆ្នាំ២០២០-២០២៣ ផងដែរ។

គម្រោងអភិវឌ្ឍន៍ទាំង២៤នេះ មានធាតុចូលសំខាន់ៗចំនួន៣ ដែលមានដូចជា៖ ការជួយពង្រឹងអភិបាលកិច្ចក្នុងវិស័យទេសចរណ៍ ដែលមានការជួយ ពង្រឹងសមត្ថភាព ពង្រឹងរចនាសម្ព័ន្ធវិស័យឯកជននៅក្នុងឧស្សាហកម្មទេសចរណ៍ ការជួយពង្រឹងសមត្ថភាពស្ថាប័ន និងភាពជាដៃគូរដ្ឋនិងឯកជន ការជួយរៀបចំគម្រោងចាំបាច់ ដើម្បីជួយរៀបចំវិស័យទេសចរណ៍គម្រោងជួយគាំទ្រផ្នែកសិក្សាទីផ្សារ និងផ្សព្វផ្សាយគម្រោងជួយអេកូទេសចរណ៍ ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍ទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here