ខេត្តកំពត ជាមូលដ្ឋានផ្គត់ផ្គង់ស៊ីម៉ង់តិ៍ស្ទើរទាំងស្រុងក្នុងវិស័យសំណង់នៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

កំពត ៖ ខេត្តកំពត ដែលកំពុងមានតម្រូវការទីផ្សារអចលនទ្រព្យស្ទើរទូទាំងខេត្ត ជាពិសេសនៅតាមតំបន់ឆ្នេរ និងមាត់ព្រែកសម្រាប់បម្រើដល់វិស័យទេសចរណ៍ និងកម្សាន្តបែបធម្មជាតិ ខេត្តមួយនេះក៏បានក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការផលិត និងផ្គត់ផ្គង់ស៊ីម៉ង់តិ៍ក្នុងវិស័យសំណង់នៅកម្ពុជាផងដែរ។

លោកឧកញ៉ា លាង ម៉េង ប្រធានក្រុមប្រឹក្សាភិបាលសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានមានប្រសាសន៍អះអាងកាលពីពេលថ្មីៗនេះថា ទោះជាស្ថិតនៅក្នុងវិបត្តិនៃសេដ្ឋកិច្ចសាកលនៅពេលបច្ចុប្បន្ននេះក៏ដោយ រោងចក្រផលិតកម្មស៊ីម៉ង់តិ៍ទាំង៥ ដែលជាសមាជិករបស់ខ្លួនដោយមាន៤ទីតាំងនៅក្នុងខេត្តកំពតនៅតែបន្តមាននិរន្តភាពក្នុងផលិតសម្រាប់ទីផ្សារសំណង់ក្នុងស្រុករាប់លានតោន និងសម្រាប់ការនាំចេញ។

លោកបានបន្តថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA បានប្តេជ្ញាអនុវត្តតាម និងខិតខំរក្សាការពារការងារជូនដល់កម្មករ ប្រជាពលរដ្ឋ ក្នុងនោះសមាគមក៏សូមអរគុណ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានយកចិត្តទុកដាក់គាំទ្រដល់ ឧស្សាហកម្មស៊ីម៉ង់តិ៍ក្នុងស្រុក ក៏ដូចជាក្រសួងរ៉ែ និងថាមពល ព្រមទាំងក្រសួងបរិស្ថានផងដែរ។

ជាមួយនឹងកំណើននៃចំនួនទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជានាពេលបច្ចុប្បន្ននេះ លទ្ធភាពនៃការផលិតស៊ីម៉ង់តិ៍របស់រោងចក្រចំនួន៥ដែលជាសមាជិករបស់សមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា CCMA សរុបបានប្រមាណជិត៨លានតោននៅក្នុងមួយឆ្នាំ។

ក្រុមហ៊ុនវិនិយោគរោងចក្រស៊ីម៉ង់តិ៍ទាំង៥រួមមាន ក្រុមហ៊ុនកំពត ស៊ីមេន (Kampot cement co.,Ltd), ២៖ ក្រុមហ៊ុនជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន (Chip Mong Insee Cement Corporation), ៣៖ ក្រុមហ៊ុនស៊ីម៉ង់ត៍ ចក្រីទីង (Cambodia Cement Chakrey Ting Factory Co., Ltd) ៤៖ ក្រុមហ៊ុនបាត់ដំបង ខនស៍ ស៊ីមេន (Battambang Conch Cement Company Limited) និង ៥៖ ក្រុមហ៊ុន ស៊ីម៉ងត៍ ថៃ ប៊ុនរ៉ុង ខមភេនី លីមីធីត (Thai Boom Roong Cement Co.,Ltd) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here