វិថីឆ្នេរជំទាវម៉ៅ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅចុងឆ្នាំ២០២០

0

ដោយ ៖ រ៉ាណេត

ព្រះសីហនុ ៖ អាជ្ញាធរខេត្តព្រះសីហនុ បាន និងកំពុងសម្រុកកែលំអរហេដ្ឋារចនាសម្ព័ន្ធឆ្នេរជំទាវម៉ៅ ឱ្យចប់រួចរាល់នៅមុនបុណ្យសមុទ្រដែលគ្រោងនឹងធ្វើនៅចុងឆ្នាំ២០២០ខាងមុខនេះ ដើម្បីទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅលេងខេត្តដែលស្ថិតនៅទិសនាតីនៃប្រទេសកម្ពុជាមួយនេះឱ្យកាន់តែច្រើនថែមទៀត ។

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ឱ្យដឹងថានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ថា បច្ចុប្បន្នរដ្ឋបាលខេត្ត កំពុងយកចិត្តទុកដាក់រៀបចំផែនការមេ ពីការរៀបនៅតំបន់ឆ្នេរឡើងវិញ ដើម្បីទាក់ទាញនូវភ្ញៀវទេសចរបន្ថែម ដែល ឆ្នេរជំទាវម៉ៅ មានលក្ខណៈធំទូលាយ មានរុក្ខជាតិ បែបធម្មជាតិដ៍ស្រស់ស្អាតនៅអមមាត់ឆ្នេរ នេះទេ។

លោកបញ្ជាក់ថា “ ក្នុងគម្រោងអភិវឌ្ឍន៍ យើងកំពុងតែរៀបចំឆ្នេរជំទាវម៉ៅ អញ្ចឹងតំបន់ហ្នឹង យើងបានឈូសឆាយស្អាតហើយ តែយើងកំពុងសិក្សាប្លង់មេ ឈានទៅដល់រៀបចំមុនគេជាអតិភាព គឺចំណតរថយន្តបន្ទប់ទឹក កន្លែងកំសាន្តផ្សេងៗ ដូចជាតារាងបាល់ទះលើឆ្នេរខ្សាច់ កន្លែងវិថីម្ហូបអាហារ ភោជនីយដ្ឋា កន្លែងកំសាន្តអីផ្សេងៗនិង យើងកំពុងតែសិក្សា តែឥឡូវយើងបានឈូសឆាយដីសម្អាតរួចរាល់ហើយ។ ក្រៅពីការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា និងឆ្នេរជំទាវម៉ៅ រដ្ឋបាលខេត្ដព្រះសីហនុក៏បានរៀបចំអភិវឌ្ឍឆ្នេរសមុទ្រ ជាបន្តបន្ទាប់ មានដូចជាឆ្នេរអារីស្តុន ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាល ២ ជាដើម ដោយបានរៀបចំដាក់បន្ទប់ទឹក និងសួនច្បារ ស្អាតរួចរាល់ហើយសម្រាប់ទេសចរទៅកម្សាន្ត”។

តំបន់ទេសចរណ៍ នៅក្រុងព្រះសីហនុសំខាន់ៗ មានឆ្នេរសរុបចំនួន៩ បើរាប់ទាំងឆ្នេរថ្មីដែលកំពុងអភិវឌ្ឍគឺ ឆ្នេរជំទាវម៉ៅ ស្ថិត នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នេះអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តបានយ៉ាងច្រើន។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានឱ្យដឹងកន្លងមកថ្មីៗនេះថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុចំនួន៣៤ខ្សែ ដែលបានបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គិតរហូតមកដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២០នេះ ជាលទ្ធផលសម្រេចបានជាង៩២ ភាគរយហើយ។

គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រុងក្នុងខេត្តព្រះសីហនុ ចំនួន៣៤ខ្សែនេះ មានប្រវែងសរុបចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្តការសាងសង់ដោយក្រុមហ៊ុនចំនួនប្រាំពីរ គ្រោងចំណាយរយៈពេលសាងសង់ចំនួន៨ខែ ចាប់ពីថ្ងៃចុះកិច្ចសន្យា ហើយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តព្រះសីហនុ មានភារកិច្ចត្រួតពិនិត្យការអនុវត្តគម្រោងនេះ។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងនៃខេត្តព្រះសីហនុ ត្រូវបានស្ថាបនាឡើងវិញទាំងស្រុងបន្ទាប់ពីទទួលរងការខូចខាតទាំងស្រុងដោយសារកំណើននៃការអភិវឌ្ឍយ៉ាងគំហុក និងគ្រោះទឹកជំនន់នាពេលកន្លងមកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនេះជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នៃខេត្តព្រះសីហនុដែលមិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងបែបនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here