ដោយ វុត្ថា
ភ្នំពេញៈ គម្រោងប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) គឺជាធាតុដ៏សំខាន់មួយនៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ។
គម្រោង FMIS ត្រូវបានរៀបចំឡើងដោយធាតុនៃប្រព័ន្ធជាច្រើន ដើម្បីជំរុញឱ្យការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈមានដំណើរការរលូន។
គម្រោងFMIS ផ្តល់ឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវបណ្តុំនៃមុខងារសំខាន់ៗរបស់រតនាគារ និងថវិកា ក្នុងគោលបំណងគាំទ្រដល់កម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFMRP) ។
គម្រោង FMIS មានទិសដៅដើម្បីផ្គត់ផ្គង់ និងអនុវត្តយ៉ាងពេញទំហឹង នូវប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមបណ្តាស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់ដណ្តប់លើក្រសួងស្ថាប័នរាជរដ្ឋាភិបាល ថ្នាក់កណ្តាល និងតាមរតនាគាររាជធានី-ខេត្ត។ ហើយគម្រោងនេះ ក៏មានទិសដៅផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងពេញលេញ ទៅដល់រដ្ឋាភិបាលថ្នាក់កណ្តាល ក្រសួង និងមន្ទីរ។
ប្រព័ន្ធរតនាគារស្នូលដែល ផ្អែកលើផលិតផលដែលមានស្រាប់ (Commercial Off-the-Shelf) នឹងគាំទ្ររាល់តម្រូវការ សម្រាប់ការអនុវត្តថវិកា តាមប្រព័ន្ធកុំព្យូទ័រនៅក្នុងអគ្គនាយកដ្ឋានរតនាគារជាតិ រតនាគារខេត្ត និងបណ្តានាយកដ្ឋាននៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលទាក់ទិននឹងការអនុវត្តថវិកា។
ប្រព័ន្ធនេះ នឹងជួយដល់នីតិវិធីបែងចែកឥណទានថវិកា ការបង់ប្រាក់ វិក័យប័ត្រ ការគ្រប់គ្រងសាច់ប្រាក់ ការត្រួតពិនិត្យថវិកា និងផ្ទៃក្នុង គណនេយ្យ និងរបាយការណ៍ (ស្របតាមដំណាក់កាលទី១ នៃការអភិវឌ្ឍប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏ទូលំទូលាយនេះ) ហើយប្រព័ន្ធនេះ ក៏អាចគាំទ្រដល់ការងារនាពេលអនាគត ដូចជាពង្រីកមុខងារការងារលទ្ធកម្ម ការរៀបចំថវិកា ព្រមទាំងគ្រប់គ្រងសន្និធិ និងទ្រព្យសម្រាប់រាជរដ្ឋាភិបាលកម្ពុជាទាំងមូលផងដែរ(ដែលអាចនឹងអនុវត្តនៅពេលអនាគតដ៏ខ្លី)៕