ដោយ ៖ ប៊ី
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងថាមពលប្រទេសថៃ លោក Sontirat Sontijirawong រំពឹងថានឹងមានកិច្ចពិភាក្សាបន្តដើម្បីដោះស្រាយជម្លោះនៃប្លុកប្រេងនៅដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ បន្ទាប់ពីការពន្យាពេល ២០ ឆ្នាំ។

ប្លុកប្រេងកាតនៅដែនសមុទ្រនេះ បង្កើតជាជម្លោះជាយូររវាងប្រទេសថៃ និងប្រទេសកម្ពុជា ដោយភាគីទាំងពីរអះអាងថាជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើយោងតាមការកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅក្នុងសប្តាហ៍នេះ។
តែទោះជាយ៉ាងក៏ដោយ កិច្ចពិភាក្សាលើការដោះស្រាយជម្លោះនៃប្លុកប្រេងនៅដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជាមិនត្រូវបានបញ្ជាក់ពេលវេលាច្បាស់លាស់ឡើយ។
ប្រទេសថៃ និងប្រទេសកម្ពុជាបានជាប់គាំងក្នុងជម្លោះលើផ្ទៃទឹកទំហំប្រហែល ២៧.០០០ គីឡូម៉ែត្រការ៉េដែលផ្ទុកដោយប្រេង និងឧស្ម័នជាច្រើន។
នៅឆ្នាំ ២០១៩ ប្រទេសថៃ និងកម្ពុជាបានឈានដល់កិច្ចព្រមព្រៀង ដើម្បីបន្តកិច្ចពិភាក្សាឡើងវិញនៅឯកិច្ចប្រជុំរវាងក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងថាមពលថៃ ដែលរៀបចំឡើងនៅទីក្រុងបាងកក។
បន្ទាប់ពីរយៈពេលជិត ២ ទសវត្សនៃជាប់គាំង ប្រទេសកម្ពុជា និងថៃបានយល់ព្រមបន្តការពិភាក្សាស្តីពីការអភិវឌ្ឍតំបន់ត្រួតស៊ីគ្នា (OCA) ដោយឈរលើគោលការណ៍ ដែលវាគួរតែត្រូវបានអភិវឌ្ឍដោយផ្អែកលើផលប្រយោជន៍ទៅវិញទៅមក៕






