ដោយៈ វុត្ថា
ភ្នំពេញៈ តំបន់ជើងភ្នំបូកគោនៃខេត្តកំពតនាពេលបច្ចុប្បន្ននេះ បាននិងកំពុងទាក់ទាញគម្រោងវិនិយោគ លើការរៀបចំតំបន់លម្ហែកាយ និងគម្រោងកសិកម្ម ខណៈដែលគម្រោងស្ថាបនានិងកែលម្អផ្លូវជាតិលេខ៣ជិតបានបញ្ចប់។
លោកស្រីតាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service ដែលបានចុះទៅសិក្សាផ្ទាល់នៅតំបន់ភ្នំពេញបូកគោនេះ បានប្រាប់ឲ្យចដឹងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២០ នេះឱ្យដឹងថា តំបន់ជើងភ្នំបូកគោ មានសក្តានុពលខ្ពស់លើការវិនិយោគ ចំពោះការរៀចំទៅជាកន្លែងលម្ហែកាយ ខណៈដែលតំបន់នេះនៅមិនឆ្ងាយពីភ្នំពេញ។
លោកស្រីបន្តថា “យើងឃើញថាតំបន់នេះ (ជើងភ្នំបូកគោ) បាននិងកំងទាក់ទាញអ្នកវិនិយោគជាច្រើន។ និយាយជារួមខេត្តកំពតនេះ នឹងមានការអភិវឌ្ឍលំដាប់ទី២បន្ទាប់ពីខេត្តព្រះសីហនុ”។ លោកស្រីបន្តថា “អ្នកវិនិយោគជាច្រើនដើររកទិញដីធំៗ សម្រាប់ធ្វើការវិនិយោគរបស់ខ្លួនលើវិស័យជាច្រើនដូចកន្លែងលម្ហែកាយ”។
លោកស្រីបន្ថែមថា មិនមែនត្រឹមតែទាក់ទាញការវិនិយោគ លើការរៀបចំជាទីកន្លែងលម្ហែកាយ តែវាក៏បានទាក់ទាញលើការគម្រោង វិនិយោគលើវិស័យកសិកម្មផងដែរដែលអ្នកវិនិយោគបាននឹងកំពុងស្វែងរីកដីធ្លីនៅទីនោះ។
លោកជាវតាយអភិបាលខេត្តកំពតធ្លាប់បានប្រកាសស្វាគមន៍រាល់គម្រោងវិនិយោគនិងការអភិវឌ្ឍន៍ពីវិស័យឯកជននិងរដ្ឋាភិបាលទាំងអស់មកកាន់ទូទាំងខេត្តកំពតនិងប្តេជ្ញាធ្វើកិច្ចសហការជួយសម្របសម្រួលដល់គ្រប់ដំណើរវិនិយោគទាំងអស់ដើម្បីធ្វើយ៉ាងណាឱ្យកាអភិវឌ្ឍន៍សម្រេចប្រកបដោយភាពរលូននិងទទួលបានជោគជ័យ។
រដ្ឋាភិបាល បានដាក់ចេញនូវផែនការរៀបចំតំបន់នានា នៅក្នុងទីក្រុងបូកគោថ្មី និងតំបន់ជុំវិញ ឱ្យទៅជាមជ្ឈមណ្ឌលកំសាន្តតាមស្តង់ដាអន្តរជាតិ ដែលបម្រើដល់វិស័យទេសចរណ៍ និងបង្កើតឱ្យមានឧបករណ៍កម្សាន្ត ដូចជា កន្រ្តកយោងនៅតាមចង្កេះភ្នំដ៏ខ្ពស់នេះ ដែលអនុញ្ញាត្តឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិអាចទស្សនាកម្សាន្តនូវទិដ្ឋភាពដ៏ស្រស់ស្អាតនៅតំបន់ដែលមានទេសភាពដ៏ស្រស់ត្រកាលនេះ។
ក្រៅពីនេះ គម្រោងបង្កើតតំបន់កម្សាន្ត ត្រូវបានបែងចែកជាច្រើនតំបន់ ដូចជា តំបន់អេកូទេសចរណ៍ តំបន់ទេសចរណ៍ខ្សែកាប ដែលអាចឱ្យភ្ញៀវទេសចរអង្គុយគយគន់ទេសភាពធម្មជាតិពីលើអាកាសយ៉ាងត្រជាក់ភ្នែក ដែលធ្វើជានិមិត្តរូបនៃតំបន់ទេសចរណ៍ប្រចាំខេត្តកំពត។ មានតំបន់ទេសចរណ៍ចម្រុះសម្រាប់អ្នកមានចំណូលតិច និងមធ្យម។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏នឹងរៀបចំ ឱ្យមានកន្លែងលំហែរកាយពហុបំណង ដែលជាទីក្រុងស្អាត បរិស្ថានល្អ និងគ្មានប្លាស្ទីក។ សារមន្ទីរធម្មជាតិតំបន់ភ្នំលេខ១ និងមានសួនសត្វចម្រុះ។ កន្លែងមើលផ្កាយក្នុងដែនកាឡាក់ស៊ី ពីលើកំពូលភ្នំបូកគោ។ បង្កើតតំបន់ទេសចរណ៍វប្បធម៌ សាសនា ដែលជាបេះដូងនៃការអភិវឌ្ឍនៅលើកំពូលភ្នំនេះ។ បន្ថែមពីនេះ នៅមានការរៀបចំជាតំបន់រមណីយដ្ឋានផ្សេងៗទៀត ដើម្បីកាន់តែបង្កើនភាពទាក់ទាញទេសចរ។
បន្ទាប់ពីរាជរដ្ឋាភិបាលដាក់ចេញនូវផែនការអភិវឌ្ឍន៍ និងប្លង់គោលប្រើប្រាស់ដីគម្រោងអភិវឌ្ឍក្រុងបូកគោនេះ កន្លងមក មានគម្រោងវិនិយោគធំ និងថ្មីជាច្រើន បានតម្រង់ទិសទៅកាន់ទីនោះ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងប្រែក្លាយតំបន់បូកគោនេះទៅជាទីក្រុងថ្មី សម្រាប់បំរើដល់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវិនិយោគជាតិ និងអន្តរជាតិ៕