លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា ជំរុញផែនការចុះបញ្ជីដី និងដោះស្រាយវិវាទដីធ្លី នៅខេត្តមណ្ឌលគិរី

0

រ៉ាណេត

មណ្ឌលគិរីៈ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តបើកកិច្ចប្រជុំផ្សព្វផ្សាយ និងអនុវត្តផែនការចុះបញ្ជីដី ការដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដីនៅខេត្តមណ្ឌលគិរី។

តាមសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានបន្តបើកកិច្ចប្រជុំ ក្រុមការងារអន្តរក្រសួងដែលពាក់ព័ន្ធ ដែលក្នុងនោះក៏ក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមា​ញ់ និងនេសាទ និងក្រសួងបរិស្ថាន ។

ជាមួយនឹងការចុះអនុវត្តនូវផែនការ នៃការវាស់វែងដីធ្លី ដើម្បីធ្វើការចុះបញ្ជី និងដោះស្រាយវិវាទដីធ្លី ដែលកើតមាននៅក្នុងខេត្តមណ្ឌលគីរីជាច្រើនទីតាំង ត្រូវប្រើប្រាស់ឧបករណ៍ T 300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ ក្នុងការវាស់វែងតាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប។

ក្រុមការងារវាស់វែងរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការវាស់វែង និងចុះបញ្ជីដីរដ្ឋដែលនៅសេសសល់ តាមការចង្អុលបង្ហាញព្រំដីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានដែលជាអាជ្ញាធរកាន់កាប់ដីរដ្ឋ វាស់វែងនិងប្រមូលទិន្នន័យដី ដែលប្រជាពលរដ្ឋកាន់កាប់ជាក់ស្តែង ក្នុងទីតាំងដីរដ្ឋ ចុះបញ្ជីដីប្រជាពលរដ្ឋដែលកាន់កាប់ និងអាស្រ័យផលយូរមកហើយ ដែលនៅសេសសល់នៅតាមភូមិ និងដីសហគមន៍ជនជាតិដើមភាគតិច ព្រមទាំងដោះស្រាយវិវាទដីធ្លី និងគាំទ្រការរៀបចំផែនការប្រើប្រាស់ដី។

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីដើមខែកក្កដា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅក្រសួងក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី ឱ្យកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ។

សម្តេចបានបញ្ជាក់ថា ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើឱ្យបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។ ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកអុស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here