ការធ្វើអត្តសញ្ញាណកម្មដីនៅក្នុងខេត្តបាត់ដំបង ចាប់ផ្តើមអនុវត្តតាមរយៈប្រព័ន្ធផ្កាយរណប

0

ដោយ ៖ រ៉ាណេត

បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង ក្រោមការដឹកនាំដោយលោកអភិបាលខេត្ត បានចាប់ផ្តើមធ្វើការចុះត្រួតពិនិត្យទៅលើការចុះធ្វើអត្តសញ្ញាណកម្មដីជូនប្រជាពលរដ្ឋស្របច្បាប់ ដែលបែងចែកដាច់ដោយឡែកយ៉ាងច្បាស់រវាងកម្មសិទ្ធិឯកជន និងតំបន់ការពារធម្មជាតិតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើបផ្កាយរណប។

លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍នៅក្នុងដំណើរចុះត្រួតពិនិត្យពីដំណើរការនៃចុះធ្វើអញ្ញាណកម្មដីដោយប្រព័ន្ធផ្កាយរណប នៅក្នុងស្រុកសំឡូត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ក្រោមវត្តមានរបស់មន្ត្រីជំនាញនៃក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធជាច្រើននាក់បានមានប្រសាសន៍ថា ការចុះបញ្ជីកម្មសិទ្ធដីធ្លីឯកជននេះ ពិតជាផ្ដល់សារៈសំខាន់ណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋ ជាពិសេសធ្វើឱ្យប្រជាពលរដ្ឋមានសិទ្ធិពេញលេញច្បាស់លាស់ក្នុងការគ្រប់គ្រងដីដែលខ្លួនឯងអាស្រ័យផលជៀសវាងមានការរំលោភបំពានពីជនទាំងឡាយណាព្យាយាមប៉ុនប៉ងរំលោភកម្មសិទ្ធិដីធ្លី។

លោកបានបន្តទៀតថា “ដីសហគមន៍ គឺជាដីសមូហភាព ដោយមិនមែនជាកម្មសិទ្ធរបស់អ្នកណាម្នាក់ឡើយ ដូចនេះយើងមិនអាចធ្វើចុះបញ្ជីដីសហគមន៍ ឬដីសមូហភាពជារបស់ជនណាម្នាក់ ដើម្បីជាផលប្រយោជន៍របស់បុគ្គលណាម្នាក់ឡើយ ពោលគឺដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំជឿ និងចាញ់បោកការញុះញុងពីសំណាក់ជនខិលខូចមួយចំនួនដែលណែនាំបញ្ចុះបញ្ចូលឱ្យទៅទន្ទ្រានដីរបស់រដ្ឋ ឬដីព្រៃភ្នំ ដើម្បីឱ្យរដ្ឋាភិបាលផ្ដល់កម្មសិទ្ធិជូន។ ម៉្យាងទៀត ទោះបីជាបងប្អូនប្រជាពលរដ្ឋធ្វើការទន្ទ្រានដីព្រៃក៏រដ្ឋមានវិធានការតឹងរឹង ដោយពិនិត្យមើលតាមរយៈផ្កាយរណប ដោយមិនមាននរណាអាចប្រកែកបានឡើយ”។

រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជា សំអាង បានមានប្រសាសន៍ថា “នេះគឺជាការធ្វើស្វ័យប្រកាសអំពីអត្តសញ្ញាណអត្តសញ្ញាណកម្មដីឱ្យបានជាក់លាក់ពិតប្រាកដ មានន័យថា ព័ត៌មានដែលបានប្រកាសនេះគឺជាព័ត៌មានពិតមិនក្លែងក្លាយ ដែលត្រូវទទួលដឹងឮពីអជ្ញាធរ ហើយបើអាជ្ញាធរត្រួតពិនិត្យឃើញថាប្រជាពលរដ្ឋ មានការស្រពិចស្រពិលសូមជួយណែនាំគាត់ ដើម្បីធ្វើឱ្យបានច្បាស់ បើព័ត៌មាននេះមិនពិតឬក្លែងក្លាយយកមកប្រើប្រាស់មិនកើត បើប្រើការមិនកើតវាបាត់បង់ផលប្រយោជន៍អ្នកធ្វើស្វ័យប្រកាសនោះ”។

ការចុះអនុវត្តនូវផែនការនៃការវាស់វែងដីធ្លី ដើម្បីធ្វើការចុះបញ្ជីធ្វើអត្តសញ្ញាណដី និងដោះស្រាយវិវាទដីធ្លីផ្សេងៗ ដែលធ្លាប់កើតមានកន្លងមក នឹងត្រូវប្រើប្រាស់ឧបករណ៍តាមបែបបច្ចេកវិទ្យាទំនើប T 300 Plus GNSS ដែលមានភាពជាក់លាក់ខ្ពស់ក្នុងការវាស់វែង និងកំណត់តាមរយៈការចាប់យកទិន្នន័យពីផ្កាយរណប៕

LEAVE A REPLY

Please enter your comment!
Please enter your name here