KOTRA ស្នើសុំកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជាជំរុញឱ្យការចុះកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ

0

ដោយវុត្ថា

ភ្នំពេញៈ ទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-ការវិនិយោគកូរ៉េ (KOTRA) បានស្នើសុំកិច្ចសហប្រតិបត្តិការ ពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញឱ្យមានការចរចារនៃការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េខាងត្បូង ឱ្យបានចប់តាមផែនការ ស្របតាមគោលនយោបាយពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោកបណ្ឌិត Shin Jongsoo  ដែលទើតតែងតាំងជាអគ្គនាយកថ្មី នៃទីភ្នាក់ងារជំរុញពាណិជ្ជកម្ម-ការវិនិយោគកូរ៉េ (KOTRA) KOTRA ប្រចាំកម្ពុជាបានថ្លែងក្នុងជំនួបជាមួយលោកឧកញ៉ាងួន ម៉េងតិច អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជាកាលពីល្ងាចម្សិលមិញនេះឱ្យដឹងថា ទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េបានធ្វើឱ្យមានការរីកចំរើនលើគ្រប់វិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម ដែលមានការកើនឡើងជាលំដាប់។

លោកបណ្ឌិតបន្តថា ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងលើកកម្ពស់ទំនាក់ទំនងធុរកិច្ច និងវិនិយោគបន្ថែម លោកបណ្ឌិតបានស្នើសុំធាតុចូល និងការសហការពីសភាពាណិជ្ជកម្មកម្ពុជា ក្នុងការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ស្របតាមគោលនយោបាយពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

លោកបណ្ឌិតបន្ថែមទៀតថា គម្រោងសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការរៀបចំ ជំនួបពាណិជ្ជកម្មរវាងធុរជនកម្ពុជា កូរ៉េ ដែលគ្រោងនឹងធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ ឬដឹកនាំគណៈប្រតិភូមកចូលរួមផ្ទាល់ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរត្រូវបានលេចចេញរូបរាងជាស្ថាពរ។

លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា បានគាំទ្រចំពោះគំនិតលើកឡើងរបស់លោកបណ្ឌិត ពាក់ព័ន្ធនឹងការជំរុញឱ្យមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងសារធារណរដ្ឋកូរ៉េ។

លោកឧកញ៉ាបន្តថា “ការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេរភាគី នឹងជួយសម្រួលការធ្វើពាណិជ្ជកម្មឱ្យកាន់តែទូលំទូលាយ និងជួយជ្រោមជ្រោងដល់អ្នកនាំចេញ ឬអ្នកនាំចូលរវាងប្រទេសទាំងពីរ តាមរយៈការផ្តល់ទីផ្សារដៃគូ និងការបន្ថយរបាំងពាណិ​ជ្ជកម្ម”។ លោកឧកញ៉ាបន្ថែមថា ទោះបីយ៉ាងណា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងនេះ   រដ្ឋាភិបាលប្រទេសទាំងពីរ ដើរតួនាទីយ៉ាងសំខាន់ក្នុងការចរចា ហើយការចរចាលើកិច្ចព្រមព្រៀងនេះ នឹងទទួលបានលទ្ធផលផ្លែផ្កាក្នុងរយៈពេលដ៏ខ្លី ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពី ការចាប់ផ្តើមការសិក្សាលទ្ធភាព ក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកាលពីខែវិច្ឆិកា ឆ្នាំ២០១៩ នៅសារធារណរដ្ឋកូរ៉េ ក្រោយពីភាគីទាំងពីរបានសិក្សាពីលទ្ធភាពអស់រយៈពេលជាច្រើនខែ។

កម្ពុជា-ការ៉េបានចាប់ផ្ដើមចរចា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ជាផ្លូវការ កាលពីថ្ងៃទី៩ កក្កដា ហើយអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០២០ ខាងមុខ នឹងឈានចុះហត្ថលេខាជាផ្លូវការនៅដើមឆ្នាំ ២០២១ ។

បើតាមក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរបានឆ្លងកាត់៣ដំណាក់កាលហើយ មុននឹងឈានមកដល់ការប្រកាសចរចាជាផ្លូវការ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ។ក្រសួងពាណិជ្ជកម្មថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ នឹងអាចជាកាតាលីករជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយ បង្កើនទំហំពាណិជ្ជកម្មនិងការវិនិយោគ បង្កើនផលិតផលក្នុងស្រុកសរុប(GDP) ផ្តល់ផលប្រយោជន៍ ដល់អ្នកប្រើប្រាស់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននៃប្រទេសទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here