ដោយ ៖ រ៉ាណេត
កូរ៉េ ៖ ក្រុមហ៊ុនដ៏ធំរបស់ប្រទេសកូរ៉េ Korea Aerospace Industries ដែលជាឧស្សាហកម្មថ្នាក់ជាតិផលិតយន្តហោះ ឧទ្ធម្ភាគចក្រ និងឧបករណ៍អវកាស នឹងចូលរួមក្នុងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា លើវិស័យការពារ និងដឹកជញ្ជូនតាមផ្លូវអាកាសនៅពេលឆាប់ៗខាងមុខនេះ។

តាមរយៈបណ្តាញសារអេឡិចត្រូនិច នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមហ៊ុន Korea Aerospace Industries ដែលជាឧស្សាហកម្មថ្នាក់ជាតិប្រចាំប្រទេសកូរ៉េ មានជំនាញផលិតយន្តហោះ ឧទ្ធម្ភាគចក្រ និងឧបករណ៍អវកាសមានគុណភាព ដំណើរការដោយបច្ចេកវិទ្យទំនើប បាន និងកំពុងសហការជាមួយស្ថានទូតកម្ពុជា ក្នុងការលើកស្ទួយទាំងកម្រិតជីវភាពពលករខ្មែរធ្វើការនៅតាមរោងចក្រសហគ្រាសនានាដែលផលិតគ្រឿងបង្គុំ និងបន្លាស់ សម្រាប់ផ្គត់ផ្គង់ឱ្យក្រុមហ៊ុនមួយនេះ។

លោកបានបញ្ជាក់ថា “ខ្ញុំនឹងរៀបកម្មវិធីទស្សនកិច្ចសិក្សាឱ្យសមាគមនិស្សិតខ្មែរប្រចាំសាធារណរដ្ឋកូរ៉េយើងបានទៅពិនិត្យរោងចក្រមួយនេះ ដែលស្ថិតនៅតំបន់ Samcheon នៃខេត្ត Gyeongnam ដែលនៅភាគខាងត្បូងបង្អស់នៃឧបទ្វីបកូរ៉េ”។
លោក ឡុង ឌីម៉ង់ បានបន្ថែមទៀតថា ក្រៅពីមានការចូលរួមជ្រោមជ្រែងផ្តល់ឱកាសការងារ និងចំណេះដឹងផ្នែកបច្ចេកទេសផលិតគ្រឿងបង្គុំ គ្រឿងបន្លាសយន្តហោះខាងលើនេះ ក្រុមហ៊ុន Korea Aerospace Industries គ្រោងនឹងធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជានៅក្នុងវិស័យការពារ និងដឹកជញ្ជូនផ្នែកអាកាសនៅកម្ពុជាក្នុងពេលឆាប់ៗខាងមុខ៕






