ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានទទូច និងលើកទឹកចិត្តដល់បណ្តាម្ចាស់អាជីវកម្មនានា គម្បីត្រូវចុះបញ្ជីនៅក្រសួងពាក់ព័ន្ធ ដើម្បីបានដំណើរការអាជីវកម្មដោយស្របច្បាប់ និងមានភាពងាយស្រួលក្នុងការទទួលបានទំនុកបម្រុងទុនបន្ថែមពីសំណាក់រាជរដ្ឋាភិបាលក្នុងកំឡុងពេលកំពុងជួបវិបត្តិសេដ្ឋកិច្ច។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានមានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធនតូចនិងមធ្យមនៅទីស្ដីការគណរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នេះថា បច្ចុប្បន្ននេះឧបសគ្គដ៏ធំរបស់ម្ចាស់អាជីវកម្មមួយចំនួនក្នុងការទទួលបានឥណទានពីធនាគារ ក្រៅពីគ្មានវត្ថុបញ្ចាំ ថែមទាំងមិនមានចុះបញ្ជីនោះទេ។
លោក ផែ ស៊ីផាន បានបញ្ជាក់ថា “លទ្ធភាពដែលអាចទទួលបានឥណទានពីធនាគារឯកជន ក៏ដូចជាធនាគារអភិវឌ្ឍន៍ជនបទ និងធនាគារ SME ដែលគាំទ្រដោយរាជរដ្ឋាភិបាល ទាល់តែសហគ្រាសទាំងនោះជាសហគ្រាសស្របច្បាប់ដែលមានការចុះបញ្ជីត្រឹមត្រូវ។ ដូច្នេះសម្រាប់សហគ្រាស ឬអាជីវកម្មណាដែលស្របច្បាប់គឺមានអាទិភាពខ្ពស់ក្នុងទទួលបានការជួយទំនុកបម្រុងពីរដ្ឋាភិបាលជាមួយកញ្ចប់ថវិការរហូតដល់ ៥០០លានដុល្លារដែលបានត្រៀមទុក”។
តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានត្រៀមកញ្ចប់ថវិកាចំនួន៥០០លានដុល្លារ សម្រាប់ទ្រទ្រង់ និងលើកកម្ពស់វិស័យសហគ្រាសធុនតូច និងមធ្យម ឬ វិស័យ SMEs ក្នុងរូបភាពផ្តល់កម្ចីឥណទានដោយធនាគារ SME ធនាគារអភិវឌ្ឍន៍ជនបទ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដទៃទៀតដែលធ្វើការពាក់ព័ន្ធវិស័យមួយនេះ។

លោក រស់ ស៊ីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានត្រៀម និងរៀបចំកញ្ចប់ថវិកាចំនួន៥០០លានដុល្លារសម្រាប់ជួយទ្រទ្រង់ និងលើកកម្ពស់ដល់បណ្តាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាក្នុងកំឡុងពេលជួបវិបត្តិសេដ្ឋកិច្ច។ នៅក្នុងកំឡុងពេលនេះ មានបណ្តាសហគ្រាសជាច្រើនដែលតម្រូវសាច់ប្រាក់ដើម្បីអាចបន្តដំណើរការអាជីវកម្មរវបស់ខ្លួន ប៉ុន្តែអ្វីដែលជាបញ្ហាគឺភាគច្រើនសហគ្រាសទាំងនោះមិនមានវត្ថុបញ្ចាំ សមត្ថភាពនៃការសងត្រឡប់មកវិញគឺមានកម្រិត ជាពិសេសអាជីវកម្មមិនមានការចុះបញ្ជី ដែលទាំងអស់នេះជារបាំងនៃការទទួលបានឥណទាន៕






