ដោយវុត្ថា
ភ្នំពេញ៖រដ្ឋាភិបាលបាននឹងកំពុងរៀបចំសេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥ ខណៈវិស័យទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ បង្កើនចំណូលដល់ប្រជាពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានផ្សព្វផ្សាយនៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ថ្វីត្បិតវិស័យកាត់ដេរ ផលិតស្បែកជើង និងការបូបត្រូវបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយផ្អែកលើភាពខ្លាំងដែលជាឧត្តមភាពប្រកួតប្រជែងកន្លងមកនេះ ក៏វិស័យនេះ នៅតែជួបនឹងបញ្ហាប្រឈមមួយចំមួនផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា បានគិតគូររៀបចំ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ២០២០-២០២៥ នេះ ជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់ ដោយយុទ្ធសាស្ត្រនេះ បានកំណត់ចក្ខុវិស័យប្រែក្លាយវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឱ្យទៅជាឧស្សាហកម្មដែលមានភាពឆ្លើយតប មានតម្លៃបន្ថែមខ្ពស់ មានមូលដ្ឋានគំាទ្រពិពិធកម្ម និងមានភាពប្រកួតប្រជែង មុនបំណាច់ឆ្នាំ ២០២៥ ហើយដែលវិស័យនេះ អាចចូលរួមចំណែកសកម្មក្នុងការអភវិឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

យុទ្ធសាស្ត្រនេះ មានគោលបំណងកំណត់នូវទិសដៅអភិវឌ្ឍន៍រួម បង្កើនភាពឯករាជ ពង្រឹងភាពប៉ាន់ស្មានបាន និងស្ថិរភាពនៃវិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ដើម្បីបន្តលើកកម្ពស់ការអភិវឌ្ឍវិស័យនេះ ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ដើម្បីសម្រេចបាននូវគោលបំណង និងចក្ខុវិស័យ យុទ្ធសាស្ត្របានកំណត់គោលដៅដូចខាងក្រោម៖១) បន្តពង្រឹងធនធានមនុស្សដើម្បីបង្កើនផលិតភាព និងបង្កើតគន្លងអាជីពសម្រាប់កម្មករ-និយោជិត ២)បន្តធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារនិងសុខុមាលភាពរបស់កម្មករ-និយោជិត ៣) លើកម្ពស់ការវិនិយោគក្នុងស្រុក និងអន្តរជាតិដោយផ្តោតលើផលិតផលមានបន្ថែមតម្លៃខ្ពស់ ៤) ទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មគាំទ្រវិស័យនេះ និង ៥)ជំរុញការធ្វើពិពិធកម្មទីផ្សារសម្រាប់ការនាំចេញផលិតផលកាត់ដេរ ស្បែកជើង និងកាបូប៕






