រដ្ឋាភិបាលកំណត់សូចនាករចំនួន៣សម្រាប់វាស់ស្ទង់ដំណើរវិវត្តន៍ក្នុងវិស័យ ឧស្សាហកម្ម

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចកំណត់នូវសូចនាករចំនួន៣កម្រិត ដើម្បីតាមដាន និងវាយតម្លៃ ទៅលើលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែលហៅកាត់ថា (IDP)។

តាមរយៈផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០នេះបានបញ្ជាក់ថា ឆ្លងកាត់ការប្រជុំពិភាក្សា លើសេចក្ដីព្រាងក្របខណ្ឌតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជារយៈពេល១០ឆ្នាំ ដែលដឹកនាំដោយលោកទេសរដ្ឋមន្ត្រី ជិន ប៊ុនស៊ាន ទទួលបន្ទុកបេសកកម្មពិសេស និងជាជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាលទ្ធផលបានកំណត់នូវសូចនាករចំនួន៣ ជាគន្លឹះសម្រាប់តាមដាននូវគោលនយោបាយខាងលើនេះ។

សូចនាករសំខាន់ៗទាំង៣ ដែលត្រូវបានកំណត់សម្រាប់តាមដាន និងវាយតម្លៃសម្មភាពនៃការអនុវត្ត គោលនយោនបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា រយៈ១០ឆ្នាំ២០១៥-២០២៥ រួមមាន៣កម្រិត ទី១ កម្រិតយុទ្ធសាស្ត្រ ទី២ កម្រិតវិស័យ និងទី៣កម្រិតបច្ចេកទេស។

ជាមួយនឹងការសម្រេចកំណត់នូវសូចនាករទាំង៣នេះ អង្គប្រជុំក៏បានសម្រេចអនុញ្ញាតឱ្យលេខាធិការដ្ឋានIDP នៃក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា រៀបចំកិច្ចប្រជុំកម្រិតបច្ចេ​កទេសជាមួយក្រសួង ស្ថាប័នដែលពាក់ព័ន្ធ ដើម្បីពិភាក្សាលើសេចក្ដីព្រាងនានា សម្រាប់តាមដាន និងវាយតម្លៃការអនុវត្ត IDP ដែលមានលក្ខណៈប្រាកដនិយម និងសមស្របទៅនឹងការអនុលោម តាមការណែនាំរបស់គណៈកម្មាធិការ គោលនយោនបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លទ្ធផលនៃកិច្ចប្រជុំពិភាក្សាបច្ចេកទេសនេះ នឹងត្រូវរាយការណ៍ជូនកិច្ចប្រជុំអន្តរក្រសួងកម្រិតថ្នាក់ដឹកនាំ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីពិនិត្យ និងផ្តល់អនុសាសន៍ណែនាំបន្ថែមទៀត ក្នុងគោលដៅទទួលបានប្រសិទ្ធភាពលើការអនុវត្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here