ខេត្តកំពតត្រៀមដាក់ឱ្យដំណើរការឆ្នេរខ្សាច់ថ្មីមួយនៅឆ្នាំ២០២១ខាងមុខ

0

ដោយវុត្ថា

កំពតៈ រដ្ឋបាលខេត្តកំពតបាន និងកំពុងត្រៀមដាក់ឱ្យដំណើរការឆ្នេរខ្សាត់ថ្មីមួយសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលម្ហែកំសាន្ត ដែលស្ថិតភូមិសាស្ត្រស្ថិតនៅភូមិបឹងទូក ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ខណៈបច្ចុប្បន្ននេះបាននឹងកំពុងពន្លឿនការរៀបចំ និងឈូសឆាយ កែលម្អឱ្យមានភាពទាក់ទាញ និងសោភណភាព។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៏ខេត្តកំពត នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នៅពេលដែលមានវត្តមានឆ្នេរថ្មីនេះ បានកើតឡើងឆាប់រហ័សនឹងរួមចំណែកដល់ការទាក់ទាញភ្ញៀវទេសចរ ឱ្យមកកម្សាន្តនៅក្នុងខេត្តកាន់តែច្រើនបន្ថែមទៀត និងជាពិសេសវាជាកម្លាំងទាក់ទាញភ្ញៀវទេសចរថ្មីមួយនៅក្នុងខេត្តកំពត។

លោកបន្តថា “ខេត្តកំពតនាពេលបច្ចុប្បន្ននេះ មិនទាន់មានឆ្នេរដូចបណ្តាខេត្តដែលនៅជាប់មាត់សមុទ្រមួយចំនួនរបស់កម្ពុជានោះទេ ហើយទីតំាងឆ្នេរដែលបាននឹងកំពុងរៀបចំនេះ ស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត និងនៅជិតរមណីយដ្ឋានភ្នំបូកគោ  ព្រមទាំងនៅមិនឆ្ងាយពីរមណីយដ្ឋានទឹកឈូ ពោលឆ្នេរថ្មីនេះ គឺមានទីតំាងល្អសម្រាប់ភ្ញៀវទេសចរមកកំសាន្ត”។

លោកសយ ស៊ីណុលបានបន្ថែមថា នៅពេលភ្ញៀវទេសចរមកលេងនៅក្នុងតំបន់ឆ្នេរនេះកាន់តែច្រើន នឹងផ្តល់ចំណូលដល់ពលរដ្ឋមូលដ្ឋានឱ្យមានការរីកចំរើន ហើយម្យ៉ាងវិស័យទេសចរណ៍ បានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តាមរយៈការផ្តល់ឱកាសការងារជូនពលរដ្ឋ និងសហគមន៍ទេសចរណ៍ នៅក្នុងមូលដ្ឋានបានកាត់តែច្រើន។

ខេត្តកំពតមានឆ្នេរសមុទ្រប្រវែង៧៦គីឡូម៉ែត្រ ប៉ុន្តែខេត្តនៅពុំទាន់មានឆ្នេរខ្សាច់សម្រាប់ភ្ញៀវទេសចរមកកំសាន្តនៅឡើយ ដូច្នេះហើយទើបរដ្ឋបាលខេត្តរៀបចំឆ្នេរខ្សាច់នេះឡើង ដើម្បីបំពេញសេចក្តីត្រូវការរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកសម្រាកកំសាន្ត ក្នុងឱកាសនៃថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេងៗ ហើយការរៀបចំចាប់ដំណើរការនៅឆ្នាំ២០២១ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here