ដោយៈ រ៉ាណេត
មណ្ឌលគីរីៈ ស្ថិតនៅក្នុងដំណាក់កាលកំពុងសិក្សាលម្អិតលើគម្រោងសាងសង់ព្រលានយន្ដហោះនៅឡើយការដ្ឋានសាងសង់ផ្លូវមួយខ្សែចូលទៅកាន់គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះមួយនេះត្រូវបានអាជ្ញាធរខេត្តសម្ពោធបើកដំណើរការចាប់ផ្ដើមសាងសង់ហើយ។

នៅត្រឹមព្រឹកថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០នេះអជ្ញាធរខេត្តមណ្ឌលគីរីក្រោមវត្តមានរបស់លោកស្វាយសំអាងអភិបាលខេត្តរួមជាមួយនឹងមន្ត្រីជាន់ខ្ពស់តំណាងលេខាធិការដ្ឋានអាកាសចរស៊ីវិលបានប្រកាសបើកសម្ពោធការដ្ឋានសាងសង់ផ្លូវមួយខ្សែចូលទៅកាន់គម្រោងសាងសង់ព្រលានយន្តហោះដែលស្ថិតនៅក្នុងឃុំសែនមនោរម្យស្រុកអូររាំងខេត្តមណ្ឌលគីរី។
លោកស្វាយ សំអ៊ាង បានមានប្រសាសន៍ថា “ការបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែនេះ គឺជាជំហានដំបូងដែលស្ថិតនៅក្នុងគម្រោងធំ និងដើម្បីបង្កភាពងាយស្រួលដល់អ្នកជំនាញបច្ចេកទេស ដើម្បីចូលទៅសិក្សាលម្អិត ដែលគ្រោងនឹងបញ្ចប់នៅក្នុងពេលខាងមុខនេះ”។
រហូតមកដល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគីរី គឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយនៅមិនទាន់អាចកំណត់ពីពេលវេលាចាប់ផ្តើមអនុវត្តជាក់លាក់នៅឡើយនោះទេ ខណៈដែលទំហំនៃថវិការវិនិយោគត្រូវបានអ្នកជំនាញធ្វើការប៉ាន់ស្មានស្ថិតនៅក្នុងរង្វង់៦០លានដុល្លារ។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោកស៊ិន ចាន់សេរីវុត្ថា ធ្លាប់បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា រហូតមកដល់ពេលនេះគម្រោងនៃការសាងសង់ព្រលានយន្តហោះ ស្ថិតនៅខេត្តមណ្ឌលគីរី នៅមិនទាន់កំណត់ថាអាចចាប់ផ្តើមដំនើរការនៅពេលណាឱ្យប្រាកដនោះទេ ដោយពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។

លោកបានបញ្ជាក់ថា “ការសិក្សាពីគម្រោងសាងសង់ អាចចំណាយពេលប្រហែល១ឆ្នាំ ហើយបន្ទាប់មកយើងSubmit ឱ្យរដ្ឋាភិបាល ដើម្បីពិនិត្យនិងសម្រេចថា តើការអភិវឌ្ឍអាកាសយានដ្ឋាន ព្រលានយន្តហោះខេត្តមណ្ឌលគីរីនេះ គួរធ្វើរដ្ឋឬគួធ្វើដោយរដ្ឋជាមួយឯកជន ឬធ្វើដោយឯកជនផ្ទាល់ ដែលជាជម្រើសផ្សេងទៀតបន្ទាប់ពីការសិក្សា”។
លោកបានបន្តទៀតថា “ការសិក្សារបស់យើងនេះ ក៏ផ្តោតទៅលើផលប៉ះពាល់ និងវិភាគពីកត្តាសេដ្ឋកិច្ចផងដែរ ថាតើការសាងសង់អាកាសយានដ្ឋាននេះ មានផលជាវិជ្ជមានផ្នែកសេដ្ឋកិច្ចយ៉ាងម៉េច និងអវិជ្ជមានយ៉ាងម៉េច ចឹងទាល់តែការសិក្សាទៅលើចំណុចទាំង៣នេះចប់ បានគេសម្រេចចិត្តបាន”។
ដោយឡែកពាក់ព័ន្ធ ទៅនឹងខ្ទង់ចំណាយទៅលើការអភិវឌ្ឍ និងសាងសង់ព្រលានយន្តហោះនេះ បើតាមខ្ញុំស្មានប្រមាណ៦០លានដុល្លារ៕







