រដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ថែមសម្រាប់ជុំទី៥ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្រោយវិបត្តិនៃជំងឺCovid-19

0

ដោយៈប៊ី

ភ្នំពេញៈ រាជរដ្ឋាភិបាលសម្រេចដាក់ចេញ នូវវិធានការបន្ថែម សម្រាប់ជុំទី៥ ក្នុងគោលបំណង បន្តជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្មធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវី៥១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលគេទំព័រ Propertyarea.asia ទទួលនៅទី៣១ខែកក្កដាឆ្នាំ២០២០។

នៅក្នុងអំឡុងពេលដែលជំងឺកូវីដ១៩ នៅបន្តមានវត្តមាន និងបង្កនូវផលប៉ះពាល់ ដោយស្ថិតក្នុងស្មារតី បុរសកម្ម គួបផ្សំនឹងកិច្ចសហការ និងការចូលរួមចំណែកយ៉ាងសកម្មពីសំណាក់ប្រជាជន និងវិស័យឯកជន រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន៤ជុំជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងអាជីវកម្មធុរកិច្ចក្នុងវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

គិតមកដល់ពេលនេះ កម្ពុជាបានសម្រេចនូវលទ្ធផលវិជ្ជមាន គួរជាទីកត់សម្គាល់ ។ ជាក់ស្តែង ប្រជាជនទូទៅ ក៏ដូចជាធុរជន បាននិងកំពុងផ្លាស់ប្តូរទម្លាប់ និងឥរិយាបទសម្រាប់ជីវភាព រស់នៅប្រចាំថ្ងៃ ក្នុងបរិបទនៃជំងឺកូវ៥១៩ហើយសម្រេចចិត្តធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារ នៅតាម បណ្តាខេត្តក្រុងនានានៅទូទាំងប្រទេសនិងចាប់ផ្តើមប្រកបរបរចិញ្ចឹមជីវិតនិងបំពេញសកម្មភាពអាជីវកម្មធុរកិច្ចជាបណ្តើរៗឡើងវិញ។

ទោះជាយ៉ាងនេះក្តី វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដែលរួមមាន៖ វិស័យកាត់ដេរវាយនភណ្ឌ វិស័យទេសចរណ៍ និងវិស័យអាកាសចរណ៍ ជាដើម នៅតែមិនទាន់អាចងើប និងរក្សាលំនឹងឡើងវិញបានពេញលេញនៅឡើយទេ។ ជាមួយគ្នានេះដែរ គ្រួសារក្រីក្រ និងងាយរងគ្រោះមួយ ចំនួនធំក៏កំពុងបន្តប្រឈម នឹងបញ្ហាលំបាកផ្សេងៗក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ក្នុងបរិការណ៍នេះ ដោយពិនិត្យលើទិដ្ឋភាពនៃការវិវឌ្ឍ នៃស្ថានភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងសង្គម ទាំងក្នុងក្របខ័ណ្ឌសកលលោក តំបន់ និងក្នុងប្រទេស រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការបន្ថែម សម្រាប់ជុំទី៥ ក្នុងគោលបំណង (). បន្តជួយស្តារ និងជំរុញលទ្ធភាពអាជីវកម្មធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងបរិការណ៍ក្រោយវិបត្តិនៃជំងឺកូវី៥១៩ និង () បន្តជួយសម្រាល បន្ទុកជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ។ វិធានការជុំទី ៥ ដែលត្រូវបានរៀបចំឡើង ដោយមានការពិគ្រោះយោបល់ជាមួយគ្រប់អង្គពាក់ព័ន្ធ រួមមាន ទី១ ធានាការបន្តជួយវិស័យកាត់ដើរវាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរកាបូបនិងវិស័យទេសចរណ៍។

.. រាជរដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់ឧបត្ថម្ភដល់កម្មករ និយោជិត ដែលបម្រើការងារនៅតាមរោង ចក្រ សហគ្រាស និងអាជីវកម្ម នៃសេដ្ឋកិច្ចក្នុងប្រព័ន្ធ (Formal Sector) ក្នុងវិស័យកាត់ដេវ វាយនភណ្ឌ ស្បែកជើង ផលិតផលធ្វើដំណើរ  កាបូប និងវិស័យទេសចរណ៍ ដែលបានចុះបញ្ជី ផ្លូវការត្រឹមត្រូវជាមួយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ, ក្រសួងពាណិជ្ជកម្មក្រសួងទេសចរណ៍និងអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

បន្ទាប់ពីរោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យទាំងពីរខាងលើ ត្រូវទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ច សន្យាការងារ និង/ឬលិខិតអនុញ្ញាតឱ្យពន្យារការព្យួរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោយពីបានបំពេញតាមលក្ខណៈវិនិច្ឆ័យ(Criteria) និងលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងារព្រមទាំងប្រតិបត្តិតាមលក្ខខណ្ឌដែលបានអនុវត្តក្នុងជុំកន្លងមករាជរដ្ឋាភិបាលកម្ពុជានឹង៖

ផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករនិយោជិត១នាក់ ដែល បំពេញការងារក្នុងវិស័យកាត់ដើរវាយនភណ្ឋា ស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់រយៈពេល២ខែបន្តទៀត រហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ ២០២០។ រោងចក្រ សហគ្រាសក្នុងវិស័យនេះ ត្រូវបន្ថែមចំនួន៣០ដុល្លារអាមេរិក សម្រាប់កម្មករនិយោជិត ០១ នាក់ (ជាសរុបកម្មករនយោជិត១ នាក់ ទទួលបាន៧០ដុល្លារក្នុងមួយខែ)

ផ្តល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករនិយោជិតម្នាក់ដែលធ្វើការងារក្នុងវិស័យទេសចរណ៍ដូចជា៖សណ្ឋាគារផ្ទះសំណាក់ភោជនីយដ្ឋាននិងភ្នាក់ងារទេសចរណ៍សម្រាប់រយៈពេល២ខែបន្តទៀតរហូតដល់ដំណាច់ខែកញ្ញាឆ្នាំ២០២០។សហគ្រាសនិងអាជីវកម្មក្នុងវិស័យទេសចរណ៍ត្រូវរួមចំណែកតាមគោលការណ៍ស្ម័គ្រចិត្តនិងតាមលទ្ធភាពជាក់ស្តែងបន្ថែមលើអ្វីដែលរាជរដ្ឋាភិបាលបានផ្តល់ជូន។

.. បន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមាន សកម្មភាពអាជីវកម្ម នៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែត សម្រាប់រយៈពេល២ខែ បន្ថែមទៀត ចាប់ពីខែសីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ។

បន្តលើកលែងការបង់ពន្ធអប្បបរមា (Minimum Tax) សម្រាប់រយៈពេល ០២ ខែបន្តទៀត ចាប់ពី ខែ សីហា ដល់ខែ កញ្ញា ឆ្នាំ ២០២០ ជូនដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលបានចុះបញ្ជីនៅកម្ពុជា។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនិងងាយរងគ្រោះ

បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ១៩សម្រាប់រយៈពេល២ខែទៀតគឺខែសីហានិងខែកញ្ញាឆ្នាំ២០២០។

ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវសេចក្តីណែនាំនេះទៅតាមសមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

រាជរដ្ឋាភិបាលនឹងបន្តតាមដាន ជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ១៩ មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាព និងរៀបចំវិធានការបន្ថែមចាំបាច់នានា សំដៅរក្សាលំនឹង សកម្មភាពសេដ្ឋកិច្ច ក៏ដូចជាត្រៀមខ្លួនក្នុងការស្តារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here