ស្ពានឆ្លងកាត់ទន្លេសាបភ្ជាប់ខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំនៅកម្ពុជានៅតែស្ថិតក្នុងគម្រោងអភិវឌ្ឍន៍អាទិភាពរបស់រដ្ឋាភិបាល

0

ដោយវុត្ថា

ភ្នំពេញៈ ស្ពានឆ្លងកាត់ទន្លេសាបដែលវែងជាងគេនៅកម្ពុជា តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំ នៅតែស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ និងសងសង់របស់រដ្ឋាភិបាល ខណៈដែលរដ្ឋាភិបាលបាន និងកំពុងអនុវត្តគម្រោងហេដ្ឋារចនាម្ព័ន្ធមួយចំនួនផ្សេងទៀត។

លោក វ៉ាស៊ីម សូរីយ៉ា អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២០នេះថា គម្រោងសាងសង់ស្ពានតភ្ជាប់ពីកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំ អាចនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០២៣ តែបច្ចុប្បន្ននេះ រដ្ឋាភិបាលកំពុងអនុវត្តគម្រោងអាទិភាពរបស់ខ្លួនមួយចំនួន។

លោកបញ្ជាក់ថា រដ្ឋាភិបាលនៅតែសាងសង់គម្រោងស្ពាននេះ មិនបោះបង់ចោលទេ តែបច្ចុប្បន្ននេះ រដ្ឋាភិបាលបង្វែរកញ្ចប់ថវិកាអនុវត្តន៍ លើគម្រោងអាទិភាពមួយចំនួនដូចជាផ្លូវជាតិលេខ១០ ផ្លូវជាតិលេខ ៧០C  និង ផ្លូវជាតិ៤១ ជាដើម មុននឹងចាប់ផ្តើមអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបនេះ

លោកបន្តថាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបពីកំពង់ឆ្នាំទៅខេត្តកំពង់ធំនេះអាចនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២៣ខាងមុខនេះ។រដ្ឋាភិបាលអនុវត្តន៍ទៅតាមដំណាក់កាលឬកញ្ចប់អាទិភាពរបស់ខ្លួនគឺមិនអាចអនុវត្តបានគម្រោងទាំងអស់នៅក្នុងពេលតែមួយបាននោះទេព្រោះត្រូវចំណាយថវិកាច្រើន។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនឱ្យដឹងកន្លងលមកនេះថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេវែងជាងគេ ត្រូវបានដាក់ចូលទៅក្នុងផែនការអាទិភាព និងជាជំរើសទី១របស់ក្រសួង សម្រាប់សាងសង់នៅក្នុងឆ្នាំ២០២០នេះ  តែយ៉ាងណាវាអាស្រ័យលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាអ្នកដាក់ជាគម្រោងអាទិភាពឬយ៉ាងណាងសម្រាប់សាងសង់នាពេលខាងមុខ។

បើតាម លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល  គម្រោងសាងសង់ស្ពានឆ្លងកាន់ទន្លេនេះមានប្រវែងប្រមាណ៤គីឡូម៉ែត្រ ឆ្លងពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅកាន់ខេត្តកំពង់ធំនេះគ្រោងចំណាយថវិកាប្រមាណ២០០លានដុល្លារអាមេរិក ត្រូវបានសិក្សាចប់សព្វគ្រប់ព្រមទាំងក្រសួងបរិស្ថាន បានចេញលិខិតបញ្ជាក់ដោយគ្មានប៉ះពាល់អ្វីទាំងអស់ ក្នុងការសាងសង់ស្ពាននេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបុណ្យទន្លេលើកទី៥ កាលពីថ្ងៃទី១៦មីនា ឆ្នាំ២០១៩ កន្លងមកនេះ បានមានប្រសាសន៍ជំរុញ ឱ្យមានការសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកំពង់ធំនេះ ឱ្យបានលឿន ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងធ្វើដំណើររបស់ប្រជាពលរដ្ឋ។

សម្តេចបន្តថា ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំ ឆ្ពោះទៅខេត្តកំពង់ធំនេះមានប្រវែងរហូតដល់ទៅ៣,៩០០ម៉ែត្រ ដែលនឹងក្លាយជាស្ពានវែងជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា ដោយស្ពាននេះ នឹងសាងសង់ឆ្លងកាត់ដៃទន្លេចំនួន៣ រួមមាន ទន្លេផ្សារក្រោម ទន្លេជល់មុខ និងទន្លេកំពង់ហាវ

សម្តេចបន្តទៀតថា គម្រោងស្ពាននេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូន កាត់បន្ថយពេលវេលា ក៏ដូចជាកាត់បន្ថយការចំណាយក្នុងពេលធ្វើដំណើរ ដោយមិនចាំធ្វើដំណើរវាងចូលទៅខេត្តកណ្តាល កំពង់ចាម ទើបចូលទៅដល់ខេត្តកំពង់ធំទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here