ដោយវត្ថា
ភ្នំពេញៈ នៅរាជធានីភ្នំពេញ គិតមកដល់ពេលនេះ មានសំណង់អគារចាស់ៗទ្រុឌទ្រោមចំនួន២៤៥ទីតាំង ដែលបាននិងកំពុងបង្កហានិភ័យខ្ពស់ទាំងអ្នកស្នាក់នៅ និងអ្នកឆ្លងកាត់អគារទាំងនេះ។នេះ បើយោងតាមការចុះផ្សាយ លើគេហទំព័ររដ្ឋបាលរាជធានីភ្នំពេញ។
លោកឃួង ស្រេង អភិបាលខរាជធានីភ្នំពេញបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្លាំងក្លា ពិសេសត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ដែលលក់ដូរនៅក្រោមអគារចាស់ៗ និងអ្នកស្នាក់នៅអគារចាស់ៗនៅក្នុងរាជធានីភ្នំពេញ ឱ្យពួកគាត់ប្រុងប្រយ័ត្ន និងធ្វើកិច្ចសន្យាជាមួយពួកគាត់ចៀសវាងមានហានិភ័យអ្វីកើតឡើង។
ការណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះសំណង់ ដែលមានអាយុកាលចាស់ទ្រុឌទ្រោមនេះ លោកថ្លែងថា “កុំបន្ទោសអាជ្ញាធរថា មិនបានយកចិត្តទុកដាក់ចំពោះពួកគាត់”។
លោកបន្តថា ប៉ុន្តែទោះបីជាយ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញ នឹងពិនិត្យលទ្ធភាព ដើម្បីស្វែងរកអ្នកវិនិយោគ ក្នុងការទិញទីតាំងអគារចាស់ៗទាំងនេះ ជាមួយនឹងការស្ម័គ្រចិត្ត របស់បងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅ ក្នុងតម្លៃឯកភាពគ្នាណាមួយ ព្រោះថា ការរស់នៅក្នុងអគារចាស់ៗទាំងនេះមានហានិភ័យខ្ពស់ណាស់ ។
តែយ៉ាងណាក៏ដោយ រដ្ឋបាលរាជធានីភ្នំពេញ មិនបានគូសបញ្ជាក់ជុំវិញសំណង់ចាស់ៗ ហើយមានសភាពទ្រុឌទ្រម នេះ នៅតំបន់ណានៅក្នុងរាជធានីភ្នំពេញនោះទេ ខណ
កាលពីសប្តាហ៍មុននេះរដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យពលរដ្ឋដែលកំពុងស្នាក់នៅក្នុង សំណង់អគារដែលមានទីតាំងស្ថិត ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីកម្ពុជាក្រោម(ទល់មុខអគារពាណិជ្ជកម្មផ្សារទំនើប B.S) ស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមករា មានការប្រុងប្រយ័ត្នខ្ពស់ ព្រោះអគារនេះមានស្ថានភាពទ្រុឌទ្រោមខ្លាំង។
យោងតាមសេចក្តី ជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចេញផ្សាយកាលពីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២០ កាលពីយប់មិញនេះបានប្រាប់ពលរដ្ឋ និងម្ចាស់អាជីវកម្មដែលកំពុងស្នាក់នៅលើអគារខាងលើនេះថា មានស្ថានភាពទ្រុឌទ្រោម ហើយបានសាងសង់ឡើងតាំងពីអំឡុងឆ្នាំ ១៩៥០ កន្លងមកនេះ។
ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុនោះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនត្រូវផ្ទុកសម្ភារៈធ្ងន់លើសទម្ងន់ និង ស្នើឱ្យមានការជួសជុលបន្ទាន់ ចំពោះផ្ទះដែលកំពុងស្នាក់នៅមានសភាពប្រេះស្រាំ ខូចខាតខ្លាំង ដោយត្រូវជ្រើសរើសក្រុមហ៊ុន ឬវិស្វករ ដែលមានជំនាញច្បាស់លាល់។
រដ្ឋបានរាជធានីភ្នំពេញបញ្ជាក់ទៀតថា ក្នុងករណីដែលផ្ទះមានសភាពទ្រុឌទ្រោមខ្លាំងមិនអាចជួសជុលបាន ត្រូវផ្លាស់ប្តូរទៅលំនៅឋានថ្មី ដែលមានសុវត្ថិភាពឱ្យបានឆាប់៕