ដោយវុត្ថា
ភ្នំពេញ៖រោងចក្រផលិតទុយោ របស់ TCU Polys Enterprise Co.,Ltd ដែលមានទីតាំងទីតាំងនៅភូមិសន្តិភាព ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននឹងកំពុងក្លាយជាសហគ្រាសផលិត និងផ្គត់ផ្គង់ទុយោនៅក្នុងប្រទេសកម្ពុជាប្រកបដោយគុណភាព ។

លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៌ នៅក្នុងពិធីចុះពិនិត្យជាក់ស្តែងពីសង្វាក់ផលិតកម្ម នៃការផលិតទុយោទឹករបស់ក្រុមហ៊ុនកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ម្សិលមិញនេះ ឱ្យដឹងថា មហ៊ុន TCU Polys Enterprise Co.,Ltd ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០១៦ ដែលមានដើមទុនវិនិយោគចំនួន១០ លានដុល្លារសហរដ្ឋអាមេរិក ។

លោកបន្តថា ឆ្លងកាត់ការរៀបចំទុកដាក់ និងខិតខំប្រឹងប្រែងឥតឈប់ឈរក្រុមហ៊ុនបានក្លាយជាសហគ្រាសផលិត និងស្រាវជ្រាវបំពង់ទឹកស្អាតសម្រាប់បរិភោគ ទឹកប្រឆាំងបាក់តេរី NANO PP-R បំពង់ទឹកតភ្ជាប់បំពង់ទឹកសម្រាប់បរិភោគ PE ,បំពង់បង្ហូរទឹក PVC-U បំពង់ថាមពល CPVC និងបំពង់ទុយោទឹកស្អាត HDPE ជាដើម ។
លោកបន្ថែមថា ចាប់តាំងពីកកើតមក ក្រុមហ៊ុនបានផ្គត់ផ្គង់ផលិតផលដែលមានគុណភាព និងសេវាកម្មប្រកបដោយជំនាញបច្ចេកទេសដល់សំណង់ធំៗ គម្រោងបង្ហូរទឹកក្រុង និងគម្រោងបង្ហូរទឹករបស់ប្រជាពលរដ្ឋជាដើម ។

លោក ចម ប្រសិទ្ធ បានចាត់ទុកគម្រោងវិនិយោគនេះ មានសារៈសំខាន់ណាស់ក្នុងការរួមចំណែកបំពេញតម្រូវការក្នុងវិស័យទឹកស្អាតនៅកម្ពុជាព្រោះក្រុមហ៊ុនបានអភិវឌ្ឍន៌ផលិតផលរបស់ខ្លួនឈរលើគុណភាពជាចំបង តាមរយៈការប្រើប្រាស់វត្ថុធាតុដើមសុទ្ធពិតប្រាកដ ដោយមានប្រព័ន្ធត្រួតពិនិត្យគុណភាព និងស្តង់ដារនៃប្រព័ន្ធគ្រប់គ្រងផលិតកម្មបានល្អប្រសើរ តាមរយៈបទបង្ហាញរបស់ខ្លួន ៕






