ដោយ ៖ រ៉ាណេត
សៀមរាប ៖ នៅក្នុងរយៈពេល៧ខែ កន្លងទៅនេះ កម្ពុជាទទួលបានចំនួនជាង១៨លានដុល្លារតាមរយៈកំណើននៃចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលចាប់ផ្តើមកើនឡើងវិញជាបណ្ដើរវិញនៅក្នុងតំបន់កម្សាន្តអង្គរ ខេត្តសៀមរាប។

តាមរយៈសេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា នៅរយៈពេល៧ខែ ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរបរទេស ៣៨៩,៦៣០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូលសរុបប្រមាណ ១៨ ១៧០ ៩៩០ ដុល្លារអាមេរិក។
នៅក្នុងនោះ ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ មានការថយជាង ៧២ភាគរយ បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ។
សេចក្តីប្រកាសព័ត៌មាននេះបានបង្ហាញដែរថា នៅក្នុងខែកក្កដា ឆ្នាំ២០២០នេះ មានអ្នកទិញបណ្ណចូលទស្សនាប្រមាណ ១៧៩០នាក់ រកចំណូលបាន ៧៨ ៤៤០ដុល្លារអាមេរិក។ ដោយឡែកចំណូលដែលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៧៧៩ ២៦០ ដុល្លារអាមេរិក ។
នៅក្នុងឆមាសទី២ ឆ្នាំ២០២០នេះ ក្រសួងទេសចរណ៍បានរៀបចំ និងដាក់ចេញឱ្យអនុវត្តនូវវិធីសាស្ត្រមួយចំនួនសម្រាប់ទាក់ទាញកំណើនទេសចរបរទេសមកកាន់កម្ពុជាឡើងវិញ ដែលក្នុងនោះ ក៏មានការរៀបចំគម្រោងគោលការណ៍ធ្វើដំណើរដោយកន្លែង ឬហៅថា Travel Bubble ដើម្បីរៀបចំកញ្ចប់ទេសចរណ៍ទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានការគ្រប់គ្រងត្រឹមត្រូវពីបណ្តាតំបន់ ឬប្រទេសដែលមានសុវត្ថិភាពពី COVID-19 ផងដែរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា សម្រាប់ការគោលការណ៍បើកការធ្វើដំណើរដោយកន្លែង ឬរបៀងនៃការធ្វើដំណើរ គឺកម្ពុជាធ្វើឡើងសំរាប់ទទួលតែភ្ញៀវទេសចរអន្តរជាតិពីតំបន់មានសុវត្ថិភាពពី COVID-19 ពីក្រៅប្រទេសមកកាន់តំបន់មានសុវត្ថិភាពពី COVID-19 នៅកម្ពុជា ហើយប្រសិនបើផែនការនេះធ្វើបានជោគជ័យ គឺអាចជំរុញឱ្យកម្ពុជាកសាងបាននូវមានទំនុកចិត្តនៃការងើបឡើងវិញនៃវិស័យទេសចរណ៍ ជំរុញការស្តារអាជីវកម្មទេសចរណ៍មានដំណើរការជាបណ្តើរៗឡើងវិញ ជួយបង្កើតការងារសម្រាប់អ្នកបាត់បង់ការងារដោយសារ COVID-19 និងធានាជំរុញកំណើនសេដ្ឋកិច្ចផងដែរ៕






