ដោយៈ ម៉ាណេត
ភ្នំពេញៈ ការវិនិយោគក្នុងការចាប់ផ្តើមអាជីវកម្មថ្មី ឬ Start-up ដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក និងក្រុមហ៊ុន Fintech (បច្ចេកវិទ្យាហិរញ្ញវត្ថុ) នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បានកើនឡើងយ៉ាងខ្លាំង នៅក្នុងត្រីមាសទី២នៃឆ្នាំនេះ ទោះបីមានការរីករាលដាលនៃជំងឺ Covid-19 ក៏ដោយ។

យោងតាមទិន្នន័យពីវេទិកាព័ត៌មានអាជីវកម្មចាប់ផ្តើមថ្មី ដែលមានមូលដ្ឋាននៅប្រទេសសឹង្ហបូរី DealStreetAsia បានបង្ហាញថា តម្លៃនៃកិច្ចព្រមព្រៀងប្រមូលប្រាក់វិនិយោគនៅអាស៊ីអាគ្នេយ៍ បានកើនឡើង៩១ភាគរយ ឬមានទំហំទឹកប្រាក់២,៧ពាន់លានដុល្លារអាមេរិកនៅក្នុងត្រីមាសទី២ឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈចំនួនប្រតិបត្តិការបានកើនឡើង ៥៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមប្រទេសទាំងនេះ ប្រទេសឥណ្ឌូណេស៊ី បានឈានដល់លំដាប់កំពូលនៃកិច្ចព្រមព្រៀង ដែលមានចំនួន ៤៥,៦ ភាគរយ។
ប្រទេសសឹង្ហបុរីឈរនៅលំដាប់ទី២ បន្ទាប់មកគឺប្រទេសវៀតណាម ហ្វីលីពីន និងមីយ៉ាន់ម៉ា។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឈរនៅលើកំពូលតារាង ដោយរកប្រាក់បាន ៦៩១ លានដុល្លារបន្ទាប់មកគឺភ័ស្តុភារ ដែលមានទឹកប្រាក់ ៣៦០លានដុល្លារ និងបានបញ្ចប់៤៩៦លានដុល្លារ។
ក្រុមហ៊ុន Tokopedia ដែលជាក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិករបស់ឥណ្ឌូណេស៊ី បានទាក់ទាញដើមទុនច្រើនបំផុត ៥០០លានដុល្លារ។
ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចរបស់វៀតណាម Tiki បានរៃអង្គាសប្រាក់ចំនួន ១៣០លានដុល្លារ ក្នុងកិច្ចព្រមព្រៀងមួយដែលដឹកនាំ ដោយក្រុមហ៊ុន Northstar Group ដែលជាកិច្ចព្រមព្រៀងធំបំផុតទី៥ នៅក្នុងតំបន់ក្នុងរយៈពេល ៦ខែដំបូង។
លោកNgo Hoang Gia Khanh អនុប្រធានអភិវឌ្ឍន៍អាជីវកម្ម Tiki បានឱ្យដឹងថា ក្រុមហ៊ុនបានកត់សំគាល់ពីកំណើនគួរឱ្យកត់សម្គាល់ នៃតម្រូវការទិញទំនិញរបស់អតិថិជន ក្នុងពេលមានជំងឺរាតត្បាតជាពិសេសម៉ាស ទឹកសម្អាតដៃ និងសម្ភារៈចាំបាច់ដទៃទៀត។

លោក Khanh បាននិយាយថា ដោយប្រើបណ្តាញនៃមជ្ឈមណ្ឌលបំពេញការបញ្ជាទិញទូទាំងប្រទេស និងសេវាកម្មដឹកជញ្ជូនរហ័ស ដែលមានឈ្មោះថា TikiNow បានធ្វើឱ្យមានភាពខុសគ្នាពីគូប្រជែងក្នុងស្រុកនិងក្នុងតំបន់។
តំរូវការកើនឡើងសំរាប់ការទិញទំនិញតាមអនឡាញ នៅអាស៊ីអាគ្នេយ៍ បានធ្វើឱ្យវិស័យដឹកជញ្ជូន និងការដឹកជញ្ជូនមានការកើនឡើង។
ក្រុមហ៊ុន Ninja Van របស់សឹង្ហបុរី បានប្រកាសពីការរៃអង្គាសប្រាក់បានចំនួន ២៧៩លានដុល្លារកាលពីខែឧសភា។
វិស័យ Fintech ក៏កំពុងកើនឡើងផងដែរ ហើយក្រុមហ៊ុន Voyager Innovations ដែលជាក្រុមហ៊ុន នៅពីក្រោយកម្មវិធីទូទាត់តាមទូរស័ព្ទ បង់លុយរបស់ហ្វីលីពីន បានបង្កើនប្រាក់ចំនួន ១២០លានដុល្លារកាលពីខែមេសា៕






