ដោយ ៖ រ៉ាណេត
កំពត ៖ គម្រោងសាងសង់កំពង់ផែទឹកជ្រៅដ៏ធំលើកដំបូងនៅក្នុងខេត្តកំពតក្រោមការវិនិយោគដោយវិស័យឯកជន បានសម្រេចសមិទ្ធផលជាបណ្ដើរៗហើយ ដែលក្រៅពីកន្លែងចូលចត គឺកំពុងជំរុញការសាងសង់បញ្ចប់គម្រោងផ្លូវចូលទៅកាន់កំពង់ផែបន្ថែមទៀត។

អភិបាលខេត្តកំពត លោក ជាវ តាយ បានមានប្រសាសន៍ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងគម្រោងសាងសាងសង់ថ្មីនៅព្រែកកំពង់បាយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្តដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ បម្រើដល់វិស័យដឹកជញ្ជូន និងស័ក្ដិសមជាគោលដៅទេសចរណ៍កម្រិតអន្តរជាតិ។
នៅក្នុងឱកាសនោះលោកអភិបាលក៏បានបញ្ជាក់ពីគម្រោងនៃការអភិវឌ្ឍកំពង់ផែទឹកជ្រៅលើកមដំបូងដែលកំពុងដំណើរការសាងសង់ផងដែរថា “កំពង់ផែនេះ គឺជាកំពង់ផែរបស់ឯកជនវិនិយោគ ហើយអ្វីដែលគាត់បានសាងសង់ហើយ ខ្ញុំមិនអាចវាយតម្លៃជាភាគរយបានទេ ដោយសារកំពង់ផែនេះមានទំហំធំធេង។ គ្រាន់តែថា កន្លែងដែលចូលចត គាត់បានសាងសង់ហើយ ផ្លូវចូលទៅកាន់កំពង់ផែក៏បានធ្វើជាច្រើនហើយដែរ” ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានមានប្រសាសន៍នៅក្នុងឱកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តកំពត កាលពីពេលកន្លងទៅនេះថា ការកសាងកំពង់ផែទឹកជ្រៅនេះ គឺជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់មួយ មានគោលដៅតភ្ជាប់ការដឹកជញ្ជូនតាមរបៀងមាត់សមុទ្រក្នុងតំបន់ គឺតភ្ជាប់ពីតំបន់ហាទៀង នៃប្រទេសវៀតណាម ទៅខេត្តត្រាតរបស់ព្រះរាជាណាចក្រថៃ ដោយឆ្លងកាត់ខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកោះកុង តាមផ្លូវជាតិលេខ ៤៨។
គម្រោងកំពង់ផែទឹកជ្រៅនេះ គឺជាការបណ្ដាក់ទុនរួមរវាងក្រុមហ៊ុនចិន Guangxi Beibu Gulf International Port Group Co., Ltd. និងក្រុមហ៊ុន ទ្រី ភាព គ្រុប របស់លោកឧកញ៉ា ទ្រី ភាព និងមានសមត្ថភាពឱ្យនាវាសមុទ្រធុនធំផ្ទុកទំនិញ ចាប់ពី ១ម៉ឺនតោន ដល់ ៣ម៉ឺនតោន អាចចូលចត ផ្ទេរ និងផ្ទុកទំនិញបាន៕






