ដោយៈប៊ី
ភ្នំពេញៈ ក្រុមហ៊ុនGrab ដែលមានទីស្នាក់ការកណ្តាលនៅសឹង្ហបុរី បានប្រកាសពង្រីកសេវាកម្មដឹកជញ្ជួនម្ហូបអាហាររបស់ខ្លួន “GrabMart” ទៅក្នុងទីផ្សារកម្ពុជា និងបណ្តាប្រទេសចំនួន៧ នៅតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលបីខែចុងក្រោយនេះ។

ចាប់ផ្តើមដំណើរការនៅក្នុងប្រទេសចំនួនពីរ ដែលជាសេវាកម្មដឹកជញ្ជូនទំនិញចាំបាច់ប្រចាំថ្ងៃ ក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 ឥឡូវនេះសេវាកម្ម GrabMart មានវត្តមាននៅក្នុងទីក្រុងចំនួន ៥០ នៅទូទាំង ៨ ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមានប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា។
លោកស្រី Demi Yu ប្រធាន GrabFood និង GrabMart បាននិយាយថា “ជំងឺ Covid-19 បានបង្កើនល្បឿននៃការទទួលយកសេវាកម្មចែកចាយតាមតម្រូវការនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយយើងអាចយកនូវបច្ចេកវិទ្យាដែលមានស្រាប់ បណ្តាញចែកចាយ និងប្រតិបត្ដិការរបស់យើង ដើម្បីធ្វើឱ្យសេវា GrabMart មានល្បឿនលឿននៅទូទាំងតំបន់”។
ក្រុមហ៊ុនដឹកជញ្ជួននេះ បានសហការជាមួយហាង និងផ្សារទំនើបជាង ៣០០០ កន្លែងនៅក្នុងតំបន់រួមមាន FairPrice Xpress នៅសឹង្ហបុរី Lawson នៅហ្វីលីពីន និង FamilyMart នៅក្នុងប្រទេសដទៃទៀត។

នៅឥណ្ឌូនេស៊ី និងម៉ាឡេស៊ី GrabMart បានសហការជាមួយប្រតិបត្តិករទីផ្សារតាមបែបប្រពៃណី ដោយផ្តល់នូវផលិតផលស្រស់ៗពីតូបផ្សារជាច្រើនៅដល់ទ្វារអតិថិជន។
លោកស្រី Demi Yu បានថ្លែងថា “នៅក្នុងស្ថានភាពក្រោយ Covid-19 យើងរំពឹងថាតម្រូវការសម្រាប់សេវាកម្មដឹកជញ្ជូនទំនិញនឹងនៅតែកើនឡើង។ យើងនឹងបន្តបង្កើនទ្វេដងលើការពង្រីកសេវាកម្ម GrabMart របស់យើង ដើម្បីគាំទ្រដល់តម្រូវការទិញទំនិញរបស់អតិថិជន”៕






