ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្នុងគោលបំណងផ្តល់ភាពងាយស្រួល ដល់អ្នកដំណើរបរទេស ជាពិសេសបណ្តាអ្នកវិនិយោគ ក៏ដូចជាអ្នកជំនាញការបច្ចេកទេសដែលបានមកដល់ ឬមានគម្រោងមកកាន់កម្ពុជា រដ្ឋាភិបាលបានសម្រេចកែសម្រួលនូវលក្ខខណ្ឌមួយចំនួន ដើម្បីធ្វើយ៉ាងបង្កភាពងាយស្រួល និងប្រកបដោយសុវត្ថិភាពខ្ពស់ពីការរាលដាលជំងឺឆ្លង ដែលកំពុងកើតមាន។

យោងតាមសេចក្ដីជូនដំណឹងតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលគេហទំព័រ Propertyarea.asia ទើបទទួលបានមុននេះបន្តិចបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចធ្វើសេចក្ដីកែតម្រួវ នូវលក្ខខណ្ឌធ្វើដំណើររបស់ជនបរទេសមកកាន់កម្ពុជា។
នៅក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់អ្នកដំណើរបរទេសដែលបានមកដល់ ឬគ្រោងធ្វើដំណើរមកកាន់កម្ពុជា ក្រសួងសុខាភិបាលមានកិត្តិយសជម្រាបជូនដំណឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តយន្តការធានា (Sponsorship Mechanism) ដើម្បីជួយសម្រួលដល់អ្នកដំណើរបរទេស ដែលជាវិនិយោគិន ធុវជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ អ្នកបច្ចេកទេស និងក្រុមគ្រួសារ ដែលមានការធានា ឬមានការអញ្ជើញតែមិនមានការធានា ឬអ្នកធ្វើដំណើរបរទេសទូទៅ។
សម្រាប់លក្ខខណ្ឌនានាត្រូវបានកំណត់ថា ចំពោះអ្នកធ្វើដំណើរដែលជាវិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ កម្មករជំនាញ អ្នកបច្ចេកទេស និងក្រុមគ្រួសារដែលទទួលបានការធានាត្រូវតែអនុវត្ត នៅមុនពេលធ្វើដំណើរមកដល់កម្ពុជា ត្រូវមានឯកសារវិញ្ញាបនបត្របញ្ជាក់ពីសុខភាព ដែលចេញដោយអាជ្ញាធរសុខាភិបាល ដោយមានការទទួលស្គាល់ពីរដ្ឋាភិបាលប្រទេសសាមី បញ្ជាក់ថាគ្មានជំងឺ Covid-19 ក្នុងរយៈពេល៧២ម៉ោងមុនពេលចេញដំណើរ។
បន្ថែមពីនេះ ត្រូវបានលិខិតបញ្ជាក់លើការធានាទូទាត់សងប្រាក់ ដែលចេញនិងទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីទទួលបានលិខិតនេះ អ្នកដំណើរបរទេសត្រូវមានការធានាពីបុគ្គល ដែលមានសិទ្ធិផ្តល់ការធានា ដែលក្នុងនោះរួមមាននាយកប្រតិបត្តិឬម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន ឬក្រុមហ៊ុនដែលជាអ្នកដំណើរបរទេសនោះ បម្រើការងារ។
ជាមួយគ្នានេះ ភាគីដែលជាអ្នកធានាត្រូវបំពេញពាក្យស្នើសុំ ការធានាតាមប្រព័ន្ធអនឡាញ នៅក្នុងគេហទំព័រចុះបញ្ជីអាជីវកម្មរបស់រាជរដ្ឋាភិបាល (www.registrationservice.gov.kh) ឬ នៅក្នុងតំណភ្ជាប់ដែលមាននៅក្នុងគេហទំព័ររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (www.cambodiainvestment.gov.kh ) ឬ គេហទំព័ររបស់ក្រសួងសុខាភិបាល (www.cdcmoh.gov.kh ) ដើម្បីអាចទទួលបានការទទួលស្គាល់ និងក្ដីសម្រេចអនុញ្ញាតពីសំណាក់រដ្ឋាភិបាលកម្ពុជាជាផ្លូវការ៕






