ដោយៈ រ៉ាណេត
ភ្នំពេញៈ កង្វះខាតនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ និងស្ពាន បានក្លាយទៅជាឧបសគ្គចម្បង ក្នុងការអភិវឌ្ឍន៍វិស័យសំណង់ធំៗ នៅក្នុងខណ្ឌច្បារអំពៅ ដែលរដ្ឋបាលសាលារាជធានីភ្នំពេញ កំពុងស្វែងរកដំណោះស្រាយនៅពេលបច្ចុប្បន្ន។

ដោយៈ រ៉ាណេត
ភ្នំពេញៈ កង្វះខាតនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ និងស្ពាន បានក្លាយទៅជាឧបសគ្គចម្បង ក្នុងការអភិវឌ្ឍន៍វិស័យសំណង់ធំៗ នៅក្នុងខណ្ឌច្បារអំពៅ ដែលរដ្ឋបាលសាលារាជធានីភ្នំពេញ កំពុងស្វែងរកដំណោះស្រាយនៅពេលបច្ចុប្បន្ន។

អគ្គនាយកក្រុមហ៊ុនភ្នាក់អចលនទ្រព្យ EASY Property Investment លោក ម៉ម សិរីបញ្ញា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០នេះថា ខណ្ឌច្បារអំពៅមានលក្ខណៈពិសេសជាច្រើន ដែលជួយជម្រុញឱ្យមានសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បើប្រៀបធៀបទៅនឹងបណ្តាខណ្ឌមួយចំនួនទៀត ដែលស្ថិតនៅជុំវិញរាជធានីភ្នំពេញ។
លោកបានបន្តថា “នៅត្រឹមរយៈពេលខ្លីចុងក្រោយនេះ យើងឃើញមានគម្រោងជាច្រើនបានបង្ហាញវត្តមានជាចបន្តបន្ទាប់ ដែលក្នុងនោះមានគម្រោងខុនដូ គម្រោងអាគារមជ្ឈមណ្ឌលពាណិជ្ជកម្មបែបទំនើប ដែលបណ្តាក់ទុនវិនិយោគរាប់រយលានដុល្លារ គម្រោងផ្សារទំនើប ជាពិសេសគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យលំនៅដ្ឋានកម្រិតមធ្យម និងកម្រិតខ្ពស់”។
លោកបញ្ជាក់ថា “សម្រាប់តែតំបន់បឹងស្នោ គម្រោងអភិវឌ្ឍន៍អាគារខ្ពស់ៗមានមិនក្រោម១០គម្រោងនោះទេ ដែលមិនទាន់រាប់បញ្ចូលពីគម្រោងបង្កើតក្រុងថ្មី របស់ក្រុមហ៊ុនOCIC នៅឡើយនោះទេ។ គ្រប់គម្រោងទាំងអស់នេះហើយ ដែលជម្រុញឱ្យតម្លៃដីនៅក្នុងខណ្ឌច្បារអំពៅ មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេសតំបន់ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ រហូតនៅទីតាំងខ្លះត្រូវបានម្ចាស់ដី ដាក់លក់នៅលើទីផ្សារក្នុងតម្លៃចាប់ពី២០០០-២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែប្រភេទដីដែលមានតម្លៃថ្លៃនេះមានមិនច្រើននោះទេ ពោលគឺនៅមានវិសាលភាពដី ដែលមានតម្លៃក្រោម២០០០ដុល្លារក្នុងមួយម៉ែត្រការ៉េច្រើនជាង។

លោកបន្តថា “ខ្ញុំគិតថាប្រសើនបើមានផ្លូវ និងស្ពានសម្រាប់ចរាចរណ៍បន្ថែមទៀត នោះល្បឿននៃភាពរីកចម្រើននឹងកើន”។
ពាក់ព័ន្ធទៅនឹងសន្ទុះនៃការអភិវឌ្ឍន៍ វិស័យសំណង់ នៅក្នុងខណ្ឌច្បារអំពៅ នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “ភូមិសាស្ត្ររបស់ខណ្ឌច្បារអំពៅ មានភាពល្អប្រសើរជាងខណ្ឌមួយចំនួនទៀតដែលនៅជុំវិញក្រុង ដោយសារតែវាស្ថិតនៅជិតក្រុងជាងគេ។
លោកស្រីបានបញ្ជាក់ថា “វត្តមាននៃសំណង់អាគារ និងគម្រោងអភិវឌ្ឍន៍ក្នុងវិស័យសំណង់ដែលកំពុងមានពេលនេះ បានបង្ហាញពីសក្ដានុពលរួចទៅហើយ ប៉ុន្តែទាំងអស់នេះនៅមិនទាន់ដល់កម្រិតនៅឡើយនោះទេ ប៉ុន្តែអ្វីដែលជាឧបសគ្គក្នុងការអភិវឌ្ឍន៍នៅក្នុងខណ្ឌនេះ គឺហេដ្ឋារចនាសម្ព័ន្ធរួមមានផ្លូវថ្នល់ ស្ពាន សម្រាប់ចរាចរណ៍”។
លោកស្រីបន្តថា “បច្ចុប្បន្ននេះយើងឃើញមានតែស្ពានចំនួន២ សម្រាប់តភ្ជាប់ខណ្ឌច្បារអំពៅ និងរាជធានីភ្នំពេញ ហើយស្ពានមួយខ្សែទៀតតភ្ជាប់ជាមួយក្រុងតាខ្មៅ”។ លោកស្រីបន្តថា “ប្រសិនបើមានហេដ្ឋារចនាសម្ព័ន្ធច្រើនជាងនេះ ឬមានស្ពានថ្មី ដូចជាស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍របស់ក្រុងនរាហ៍ របស់ក្រុមហ៊ុន OCIC ខ្ញុំជឿថា ល្បឿននៃការអភិវឌ្ឍន៍នឹងលឿនជាងពេលនេះ ជាពិសេសវត្តមាននៃគម្រោងអគារធំៗ និងខ្ពស់ៗដែលបម្រើដល់វិស័យពាណិជ្ជកម្មនឹងកើតមានច្រើនជាក់ជាមិនខាន”៕