ដោយៈ រ៉ាណេត
កំពង់ស្ពឺៈក្រុមហ៊ុនចិនដ៏ធំមួយបានបោះទុនប្រមាណ៦៦លានដុល្លារដើម្បីអភិវឌ្ឍន៍ជាតំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងស្ថិតនៅលើផ្ទៃដីជាង៦៧ហិកតាតាមបណ្ដោយផ្លូវជាតិ៤៤ខេត្តកំពង់ស្ពឺ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៤ខែសីហាឆ្នាំ២០២០នេះថាក្រុមហ៊ុនចិនដ៏ធំមានជំនាញផ្នែកអភិវឌ្ឍន៍និងវិនិយោគក្នុងឧស្សាហកម្មបានបោះទុនប្រមាណ៦៦លានដុល្លារសម្រាប់សាងសង់តំបន់សេដ្ឋកិច្ចពិសេសមួយកន្លែងស្ថិតលើផ្ទៃដីជាង៦៧ហិកតាស្ថិតនៅតាមបណ្ដោយផ្លូវជាតិ៤៤ក្នុងខេត្តកំពង់ស្ពឺ។
លោកបានបញ្ជាក់ថា“គម្រោងនេះគឺការវិនិយោគដោយក្រុមហ៊ុនចិន បច្ចុប្បន្នកំពុងសាងសង់បណ្ដើរៗ ដោយសម្រេចបានប្រមាណ៤ ឬ៥អាគារហើយ។ ក្រោយបញ្ចប់ការសាងសង់ និងបើកដំណើរការតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចមានរោងចក្រតូចធំប្រមាណ២០នៅក្នុងហ្នឹង”។ លោកបន្តថា “រោងចក្រទាំងអស់នេះ គឺផលិតដូចជាគ្រឿងបង្គុំអេឡិចត្រូនិច ដំឡើងរថយន្ត ធ្វើខ្សែភ្លើង និងធ្វើអាគុយជាដើម ដែលអាចជួយផ្តល់ឱកាសការងារដល់ប្រជាជនសរុបប្រមាណ១១០០០នាក់”។
បច្ចុប្បន្ននេះនៅក្នុងខេត្តកំពង់ស្ពឺមានរោងចក្រតូចធំបម្រើដល់វិស័យឧស្សាហកម្មសរុបចំនួន២៧១ទីតាំងជាមួយនឹងទុនវិនិយោគជាង២០០លានដុល្លារ។បន្ថែមពីនេះក៏មានក្រុមហ៊ុនមកពីហុងកុងកំពុងសិក្សាលម្អិតទៅលើគម្រោងបណ្តាក់ទុនវិនិយោគរាប់រយលានដុល្លារក្នុងការបង្កើតទីក្រុងរណបដ៏ធំមួយនៅក្នុងខេត្តមួយនេះផងដែរ។
លោក វ៉ី សំណាង បានមានប្រសាសន៍ទៀតថា រហូតមដល់ពេលនេះ គ្មានអ្នកវិនិយោគណាមួយចុះចាញ់ក្នុងការវិនិយោគ ឬបង្កើតរោងចក្រនៅក្នុងខេត្តកំពងស្ពឺនោះទេ ដោយសារគេជឿជាក់ លើការដឹនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំខេត្ត ដែលអាចរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពជូនអ្នកវិនិយោគ ជាពិសេសគេជឿជាក់លើកម្ពុជាមានសន្តិភាព៕