ដោយ វុត្ថា
ភ្នំពេញៈ ថ្មីៗនេះកម្ពុជាទើបតែបញ្ចប់កិច្ចចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (FTA) និងរង់ចាំពេលវេលាចុះហត្ថលេខា នាពេលខាងមុខនេះ ខណៈដែលកិច្ចព្រមព្រៀងនេះ នឹងផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា តាមរយៈការអនុគ្រោះពន្ធក្នុងការនាំទំនិញចេញទៅប្រទេសចិន ជាមួយគ្នានេះវិស័យដីធ្លីក៏នឹងមានទីផ្សារផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងនៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ចូលជាធរមាន ទំនិញជាច្រើនមុខ នឹងត្រូវទម្លាក់ពន្ធនាំចូលដោយស្វ័យប្រវត្តិហើយនោះ ចលនានៃចរន្តវិនិយោគដីធ្លីនិងលំនៅឋាននៅក្នុងប្រទេសកម្ពុជា ក៏នឹងទទួលបានផលប្រយោជន៍ជាច្រើនផងដែរតាមរយៈការជួល និងទិញវិនិយោគបង្កើតរោងចក្រសហគ្រាសនានា នៅក្នុងប្រទេសកម្ពុជា។
លោកបន្តថា “តាមរយៈកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីនេះ វិនិយោគិនចិនមួយចំនួនធំនឹងចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា នៅនោះតម្រូវការមុនគេគឺទីតាំង ពោលគឺដីធ្លី និង នោះពេលនេះ តម្លៃដីធ្លីវានឹងឡើងថ្លៃ” ។ លោកបន្តថា “ក្រៅពីតម្រូវការដីធ្លី វិនិយោគិននឹងត្រូវការការិយាល័យសម្រាប់ធ្វើការ នឹងលំនៅសម្រាប់ស្នាក់នៅ និងម្ហូបអាហារផ្សេងថែមទៀត” ។
លោកបញ្ជាក់ថា “ហេតុដូច្នេះ អ្វីៗនឹងក្លាយជាចលករសេដ្ឋកិច្ចមួយ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិ និងអ្នកលក់ដូរទាំងអស់ទទួលបានផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននេះ តាមរយៈការមកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក” ។
លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលទ្រព្យកម្ពុជាឱ្យដឹងដែរថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិននឹងត្រូវចុះហត្ថលេខានាពេលខាងមុនេះ កម្ពុជានឹងទទួបលបានផលវិជ្ជមានច្រើន ដែលក្រៅពីវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ព្រមទាំងការធ្វើពាណិជ្ជកម្មទ្វេភាគី នៅក្នុងនោះវិស័យអចលនទ្រព្យ ក៏នឹងទទួលផលមួយចំណែកផងដែរ។
លោកស្រីបន្តថា “ខ្ញុំនិយាយត្រឹមតែវិស័យកសិកម្ម នៅពេលដែលមានតម្រូវការទីផ្សារខ្ពស់ គឺទាមទាឱ្យមានបង្កើនការផលិត ដែលចាំបាត់ត្រូវការប្រើប្រាស់ដីធ្លីក្នុងរូបភាពជាកសិដ្ឋានដាំដុះ រោងចក្រកែច្នៃ និងវេចខ្ចប់សម្រាប់ធ្វើការនាំចេញ ដែលសុទ្ធតែជាផ្នែកមួយនៃវិស័យអចលនទ្រព្យដូចគ្នា” ។
លោកស្រីបន្ថែមថា “នៅពេលមានការវិនិយោគកាន់តែច្រើន តម្រូវការនៃការប្រើប្រាស់អគារសម្រាប់ធ្វើជាការិយាល័យក៏មានកាន់តែច្រើនផងដែរ” ៕






