ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍ជាច្រើននៅក្នុងថ្ងៃឈប់សំរាកនាពេលខាងមុខនេះ ដើម្បីបង្កើនភ្ញៀវទេសចរឡើងវិញ

0

ដោយវុត្ថា

សៀមរាប៖ ខេត្តសៀមរាបនឹងរៀបចំព្រឹត្តិការណ៍កម្មវិធីកំសាន្តតាមបែបប្រពៃណី សាសនា ពិព័រណ៍ ជិះកង់ និងកម្មវិធីផ្សេងៗជាច្រើនទៀតនៅថ្ងៃឈប់សំរាកនៅថ្ងៃខាងមុនេះ ដោយអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីបង្កើនភ្ញៀវទេសចរឡើងវិញ។

រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងនៅថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា រដ្ឋបាលខេត្តបានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាននឹងកំពុងត្រៀមរៀបចំទទួលភ្ញៀវទេសចរ ក្នុងឱកាសឈប់សម្រាកសងថ្ងៃឈប់សម្រាកសម្រាប់បុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ ២១ ខែសីហា ឆ្នាំ២០២០។

កម្មវិធីកំសាន្តដែលបានគ្រោងរៀបចំរួមមាន៖ ១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ ២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២ ៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប ៤.ផ្សារទឹក ៥.ផាប់ស្ទ្រីត ៦.កម្មវិធីជិះកង់ ៧.កម្មវិធីកីឡាវាយកូនហ្គោល ៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន និង ៩.ផ្ទាំងទស្សនីយភាពសិល្បៈ។

ស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ខេត្តបានគិតគូរ និងទទូចដល់ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរណ៍ ចូលរួមអនុវត្តវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖ ១.កុំភ្លេចត្រៀមយកពាក់ម៉ាស់ ឬក្រម៉ា
២.កុំភ្លេចជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាមទីសាធារណផងដែរ) ៣.កុំភ្លេចរក្សាគម្លាតសុវត្ថិភាព។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបកាលពីកន្លងមកនេះ ឱ្យដឹងថា គម្រោងរៀបចំព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃសងឈប់សំរាក គឺដើម្បីធ្វើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍សុវត្ថិភាព និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នារវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩។

លោកបន្តថា រយៈពេលជាងកន្លះឆ្នាំកន្លងមកនេះដែលស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ខេត្តសៀមរាបបានប្រើប្រាស់អំឡុងពេលនោ ជាឱកាសនៃរៀបចំត្រៀម លក្ខណសម្បត្តិ ធ្វើឲ្យវិស័យទេសចរណ៍រស់ឡើងវិញ និងប្រសើរជាងមុន ក្រោយពេលដែលវិបត្តិកូវីដ១៩ ស្ងប់ស្ងាត់ទៅវិញ។

លោកបន្ថែមថា មកដល់ពេលនេះ វាគឺជាកាលៈទេសៈដែលត្រូវបានគិតគូរ អំពីការបង្ហើបឲ្យមានដង្ហើមសេដ្ឋកិច្ចជាបណ្តើរៗឡើងវិញ តាមរយៈនៃវិស័យទេសចរណ៍ តែវាមិនត្រូវបានឃ្លាតឆ្ងាយអំពីការពង្រឹងវិធានការប្រឆាំងកូវីដ១៩ ដើម្បីសុខភាពប្រជាជន និងដើម្បីសុវត្ថិភាពសហគមន៍នោះឡើយ។

លោកបន្ថែមថា ព្រឹត្តិការណ៍កំសាន្ត ក្នុងថ្ងៃឈប់សម្រាកខាងមុខនេះ វាស្មើនឹងការផលិតស្បតផ្សព្វផ្សាយមួយ ជាមួយនឹងការអះអាងថា សៀមរាប-អង្គរ គឺជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់កម្ពុជា ហើយក៏ជាការអំពាវនាវជម្រុញឲ្យមានដំណើរការចរន្តទេសចរណ៍ក្នុងស្រុកផងដែរ និងជាឱកាស បង្ហើបឲ្យមានការវិនិយោគរួមគ្នា រវាងវិស័យសុខាភិបាលនិងវិស័យសេដ្ឋកិច្ច ក្នុងស្ថានភាពនៃវិបត្តិកូវីដ១៩ ។

លោករំពឺងថា ក្នុងព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកនេះ នឹងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប នឹងទទួលបានចំណូលមួយផ្នែក ក្រៅពីអាជីពប្រចាំថ្ងៃ និង ធ្វើឲ្យជីវភាពបងប្អូនបានធូរស្រាល ក្នុងពេលដែលនៅលើពិភពលោកកំពុងជួបវិបត្តិជម្ងឺកូវិដ១៩នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here