ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្មបានបង្ហាញពីគោលជំហរបស់ខ្លួន និងគម្រោងបង្កើនលទ្ធិភាពនៃការធ្វើពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា-ឥណ្ឌា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមគ្នា។

នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្ម ឥណ្ឌូ-អាស៊ាន -អូសិនីក លើកទី១ នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានលើកឡើងពីគោលបំណងសំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន៥ចំណុច ដែលក្នុងនោះក៏មានការបង្ហាញពីគម្រោងនៃកិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសឥណ្ឌាផងដែរ ។
វឌ្ឍនភាពនៃការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំង២ មានការកើនឡើងជាលំដាប់គួឱ្យកត់សម្គាល់ ដោយទំហំពាណិជ្ជកម្មទ្វេភាគីនៅក្នុងឆ្នាំ២០១៨ មានចំនួន ១២៨លានដុល្លាអាមេរិក ហើយនៅក្នុងឆ្នាំ២០១៩ បានកើនដល់ ២៧១លានដុល្លាអាមេរិក ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ លោក ស៊ាង ថៃ ក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិយ៉ាងជិតស្និតរវាងប្រទេសក្នុងតំបន់ ជាពិសេសប្រទេសឥណ្ឌា ដែលជាប្រទេសសមាជិកអាស៊ាន និងប្រទេសនៅតំបន់មហាសមុទ្រ ក្នុងការធ្វើសេរីភាវូបណីយកម្មសេដ្ឋកិច្ច ការលុបបំបាត់វិធានការនិងរបាំងមិនមែនពន្ធគយ ការមិនគាំទ្រប្រព័ន្ធគាំពារនិយមនិងជំនួសមកវិញនូវការគាំទ្រយ៉ាងពេញទំហឹងនូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយមជាពិសេសការគាំទ្រវត្តមាននិងតួនាទីរបស់អង្គការពាណិជ្ជកម្មពិភពលោក ជំរុញឲ្យមានវេទិកាធុរកិច្ចជននឹងធុរកិច្ចជន និងជំរុញការចូលរួមពីសំណាក់សហគ្រាសធុនតូចនិងមធ្យម (SMEs)។

កម្ពុជាមានផែនការយុទ្ធសាស្រ្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការសំដៅធ្វើសមាហរណកម្ម និងការធ្វើឲ្យប្រសើរឡើងនូវសេដ្ឋកិច្ចតំបន់ ដែលនឹងជួយជំរុញការធ្វើពាណិជ្ជកម្ម វិនិយោគ និងឱកាសការងារ។ ផែនការទាំងនោះរួមមាន ការចរចាកិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសក្តានុពល បន្តការចរចាឲ្យប្រសើរឡើងបន្ថែមទៀតនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ដែលមានស្រាប់ក្រោមក្របខណ្ឌ អង្គការពាណិជ្ជកម្មពិភពលោក អាស៊ាននិងដៃគូអាស៊ាន និងរៀបចំវេទិកាធុរកិច្ចនិងពិពរណ័ពាណិជ្ជកម្ម ។ល។
បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើកំណែទម្រង់ស៊ីជម្រៅសំដៅបង្កើតបរិយាកាសល្អប្រសើរក្នុងការធ្វើអាជីវកម្ម និងវិនិយោគ កាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម សម្រួលពាណិជ្ជកម្ម បង្កើនលទ្ធភាពប្រកួតប្រជែងក្នុងឆាកអន្តរជាតិ និងដើម្បីចូលរួមក្នុងខ្សែច្រវាក់ផលិតកម្មសកល៕






