ដោយ ៖ ប៊ី
ភ្នំពេញ ៖ ក្រុមហ៊ុន AEON បានឱ្យដឹងកាលពីថ្ងៃអង្គារកន្លងមកនេះថា ខ្លួននឹងសាងសង់កន្លែងពាណិជ្ជកម្មដ៏ធំមួយនៅក្នុងទីក្រុងយ៉ាំងហ្គោន ដែលជាទីក្រុងធំបំផុតនៅប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការបោះទុនវិនិយោគចំនួន ១៨០ លានដុល្លារ បន្ទាប់ទទួលបានជោគជ័យខ្លាំងនៅកម្ពុជា។

គម្រោងសាងសង់ផ្សារទំនើប Aeon Mall ដែលទើបតែមានលើកដំបូងនៅក្នុងប្រទេសមីម៉ាន់ម៉ាមួយនេះ ស្ថិតនៅលើផ្ទៃដីទំហំ ៧២ ០០០ ម៉ែត្រការ៉េ គ្រោងចាប់ផ្តើមបើកការដ្ឋាននៅឆមាសទីមួយនៃឆ្នាំ២០២១ ហើយនឹងបើកដំណើរនៅឆ្នាំ២០២៣ ។
ការវិនិយោគខាងលើនេះត្រូវបានអនុម័តដោយរដ្ឋាភិបាលមីយ៉ាន់ម៉ាកាលពីចុងខែកក្កដាកន្លងទៅនេះ ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន AEON ៧០ភាគរយ និងក្រុមហ៊ុន Shwe Taung Group ចំនួន៣០ភាគរយ ដែលជាក្រុមហ៊ុនក្នុងស្រុក។
ផ្សារទំនើប AEON បានក្លាយជាក្រុមហ៊ុនអន្តរជាតិនាំមុខអ្នកលក់រាយធំៗ ផ្សេងទៀតនៅជុំវិញពិភពលោក ជាពិសេសក្នុងការវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបាននិយាយថា ដោយទទួលបានការលើកទឹកចិត្តពីប្រតិបត្តិករដ៏ខ្លាំងនៃសាខារបស់ខ្លួន ផ្សារទំនើប AEONនឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដើម្បីដណ្តើមយកទីផ្សារដ៏លេចធ្លោមួយដោយគ្មានគូប្រជែង ។
ដោយឡែក ក្រុមហ៊ុនអចលនទ្រព្យ Shwe Taung ក៏បានចេញសេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិរបស់ខ្លួនគឺលោក Sandar Htun កាលពីថ្ងៃអង្គារ ដោយបញ្ជាក់ថា “យើងមានក្តីរំភើបណាស់ ដែលបានចូលរួមក្នុងការបណ្តាក់ទុនរួមគ្នារួមគ្នាជាមួយផ្សារទំនើប AEON ដើម្បីនាំមកនូវគំនិតលក់រាយ និងរបៀបរស់នៅបែបថ្មី ប្រកបដោយភាពច្នៃប្រឌិតជាងមុនដល់ប្រទេសមីយ៉ាន់ម៉ា”៕






