ដោយ ៖ រ៉ាណេត
បន្ទាយមានជ័យ ៖ ក្រោមការបើកឱកាស និងផ្តល់កិច្ចសហការវិនិយោគពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា លើការបង្កើតជាតំបន់ពិសេសសម្រាប់បម្រើសដល់វិស័យកសិ-ឧស្សាហកម្ម ដើម្បីធ្វើពិពិធកម្មលើការនាំចេញផលិតផលកសិកម្មកែច្នៃ ក្រុមហ៊ុនឯកជនបានចាប់ផ្តើមបង្ហាញពីសកម្មភាពចូលរួម ដោយផ្តើមពីការសិក្សាលម្អិតពីលទ្ធភាព និងផលប៉ះពាល់លើកដំបូងនៅក្នុងខេត្តបន្ទាយមានជ័យ។

តាមរយៈសភាពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ថា អនុវត្តទៅតាមផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនលទ្ធភាពក្នុងការផលិតកសិផលសម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅស្រុក ជាពិសេសប្រទេសចិន ប្រធានស្តីទីសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ឡេង រួមជាមួយមន្ត្រីតំណាងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានជួបពិភាក្សាស្តីពី ” ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម”។
នៅក្នុងកិច្ចពិភាក្សាខាងលើនេះ ក៏មានការជជែកអំពីសក្កដានុពល កសិកម្ម ការកែច្នៃកសិ-ឧស្សាហកម្ម ដើម្បីពិនិត្យលទ្ធភាពនៃការបង្កើតតំបន់ពិសេសសម្រាប់បណ្ដុំរោងចក្រកែច្នៃផលិតផលកសិ-ឧស្សាហកម្ម បម្រើឱ្យការប្រើប្រាស់ក្នុងស្រុក និងនាំចេញនៅក្នុងខេត្តបន្ទាយមានជ័យ បន្ទាប់ពីទទួលបានការផ្តល់ឱកាសវិនិយោគដល់បណ្តាធុរជនជាតិ និងអន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ មន្ត្រីក្រុមការងារនៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាបានជួបពិភាក្សាការងារស្តីពី ការសិក្សាពីលទ្ធភាពបង្កើតតំបន់ពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម ដើម្បីជំរុញលទ្ធភាពនៃការធ្វើពិពិធកម្មឱ្យមានភាពរីកចម្រើន និងកែច្នៃសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។
លោកឧកញ៉ាបានបញ្ជាក់ថា “គម្រោងនៃការបង្កើតតំបន់ពិសេសបម្រើដល់វិស័យកសិ-ឧស្សាហកម្ម ដែលជាបណ្តុំរោងចក្រកែច្នៃកសិផលនេះ ត្រូវបានបើកយ៉ាងទូលាយពីសំណាក់រាជរដ្ឋាភិបាល ដែលអាចធ្វើឡើងបាននៅគ្រប់ខេត្ត គ្រប់តំបន់ដែលនៅជិតនឹងប្រភពកសិផល ដើម្បីធ្វើយ៉ាងណាងាយស្រួលដល់ខ្សែសង្វាក់ផលិតកម្ម ហើយអ្វីដែលកាន់តែពិសេស ជាការលើកទឹកចិត្តសម្រាប់វិស័យឯកជនអាចធ្វើការវិនិយោគដោយផ្ទាល់ ឬវិនិយោគរួមគ្នាជារាជរដ្ឋាភិបាល ដើម្បីអាចសម្រេចបានលទ្ធផលគាប់ប្រសើរ”។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា សម្រាប់លក្ខខណ្ឌនៃការវិនិយោគបង្កើតតំបន់ពិសេសដែលជាបណ្តុំរោងចក្រកែច្នៃកសិ-ឧស្សាហកម្មនេះ គ្រប់វិនិយោគិនទាំងអស់នឹងទទួលបានការលើកទឹកចិត្តពីសំណាក់រាជរដ្ឋាភិបាលច្រើនជាងការផ្តល់ជូនលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលបម្រើដល់វិស័យឧស្សាហកម្មទៅទៀត ហើយអាចកើតឡើងបានគ្រប់ទំហំចាប់ពីវិស័យ SMEs ឡើងទៅ ៕






