មន្ត្រីជាន់ខ្ពស់សភាពាណិជ្ជកម្មខេត្ត ៖ ស្វាយរៀង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលវិនិយោគិនទាំងអស់

0

ដោយ ៖ ប៊ី

ភ្នំពេញ ៖ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានអះអាងថា ស្វាយរៀង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគទាំងអស់ក្នុងការមកបណ្តាក់ទុនវិនិយោគនៅខេត្តរបស់ខ្លួន។

ការលើកឡើងរបស់លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀងបែបនេះត្រូវបានធើ្វឡើងនៅក្នុងពិភាក្សាការងារជាមួយក្រុមហ៊ុន ខេមបូឌាន ឆេមភៀន អាហ្គ្រោខេមីខល ឯ.ក ដែលមានមានប្រភពមកពីប្រទេសចិនកាលពីថ្ងៃចុងសប្ដាហ៍ ខែសីហា ឆ្នាំ២០២០កន្លងទៅនេះ។

លោក សុក រ៉ាដូ បានថ្លែងទៅកាន់វិនិយោគិនចិនថា “សភាពាណិជ្ជកម្មខេត្តស្វាយរៀង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគជាតិ និងអន្តរជាតិទាំងអស់ក្នុងការមកវិនិយោគនៅខេត្តស្វាយរៀង”។ លោកបានបន្តថា “វត្តមានរបស់អ្នកវិនិយោគមកកាន់ខេត្តស្វាយរៀងនឹងជួយបង្កើតឱកាសការងារដើម្បីជួយសម្រួលដល់ជីវភាពប្រជាជន កាត់បន្ថយភាពក្រីក្រ បង្កើនផលិតភាពកសិកម្មនៅក្នុងស្រុក រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន”។

ជាមួយគ្នានេះដែរ ក្រុមហ៊ុនចិនខាងលើគោលបំណងក្នុងការនាំយកផលិតផលថ្នាំកសិកម្ម ដែលមានស្ដង់ដារអន្ដរជាតិចូលមកប្រទេសកម្ពុជា ពិសេសខេត្តស្វាយរៀង ដើម្បីផ្គត់ផ្គង់ជូនប្រជាកសិករក្នុងការធ្វើកសិកម្មឱ្យទទួលបានទិន្នផលខ្ពស់ និងបច្ចេសទេសត្រឹមត្រូវប្រកបដោយគុណភាព និងតម្លៃសមរម្យ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្តនេះ ដែលជាខេត្តមួយក្នុងចំណោមខេត្តមានសក្ដានុពលក្នុងវិស័យកសិកម្ម។

អនុវត្តតាមគោលនយោបាយបើកទូលាយ និងការលើកទឹកចិត្តដល់វិស័យឯកជនពីរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តស្វាយរៀង មានការអភិវឌ្ឍ រីកចំរើនគួរឱ្យកត់សម្គាល់ ខណៈបច្ចុប្បន្ននេះ ខេត្តបានទាក់ទាញការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសចំនួន ១១ កន្លែង និងកំពុងដំណើរការ ៨ កន្លែង ។

លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង ធ្លាប់បានមានប្រសាសន៍ថា កាលពីសម័យមុន ខេត្តស្វាយរៀងពុំដែលមានតំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាស ដូចបច្ចុប្បន្ននេះទេ ទើបតែសម័យតេជោ ក្រោមដំបូលនៃម្លប់សុខសន្តិភាព បានធ្វើឱ្យខេត្តស្វាយរៀងមានរោងចក្រ សហគ្រាស ជាច្រើនកន្លែង រហូតមានរោងចក្រដំឡើងរថយន្តនៅក្រុងបាវិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervior Automobile Industry Complex របស់ក្រុមហ៊ុន Deahan Auto ។

លោកបន្ថែមថា ខេត្តស្វាយរៀង មានក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានឯកជន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សុរបចំនួន ២១៦ កន្លែង នៅក្នុងនោះរោងចក្រសហគ្រាសចំមួន ១១៣ កន្លែង បានបង្កើតការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ ៨ម៉ឺននាក់ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here