រដ្ឋាភិបាលកំពុងចចារជាមួយក្រុមហ៊ុនចិនដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ រំដោះជំនន់ទឹកភ្លៀងក្នុងក្រុងភ្នំពេញ

0

ដោយវុត្ថា

ភ្នំពេញ៖ ខណៈដែលទីក្រុងភ្នំពេញកំពុងប្រឈមទៅនឹងជំនន់ទឹកភ្លៀង និងហេដ្ឋារចនាសម្ព័ន្ធ និងក្រុងត្រូវបានពពង្រីកនាពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលតាមរយៈស្ថាប័នពាក់ព័ន្ធនានាបាននឹងកំពុងពិភាក្សា និងចចារជាមួយក្រុមហ៊ុនចិន ដើម្បីស្តារស្ទឹកព្រែកត្នោតនៅភាគខាងត្បូងនៃទីក្រុងភ្នំពេញដើម្បីរំដោះជំនន់ទឹភ្លៀងនៅក្នុងក្រុង។

លោក ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឺក និងឧតុនិយម នៅក្នុងសន្និសីទសារព័ត៌មានស្តី «ស្ថានភាពរបបជលសាស្រ្តក្នុងអាងទន្លេមេគង្គ និងទន្លេសាបនាពេលបច្ចុប្បន្ន» នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា កាលពីម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានដឹកនាំកិច្ចប្រជុំជាមួយស្ថាប័នពាក់ព័ន្ធពិភាក្សា និងចចារថ្លៃស្តារស្ទឹងព្រែកត្នោតជាមួយក្រុមហ៊ុនចិន ដើម្បីរំដោះទឹកជំនន់ភ្លៀងនៅក្នុងទីក្រុងភ្នំពេញ ខណៈស្ទឹងព្រែកត្នោតនេះ មានសភាពរួមតូចនៅក្នុងផ្នែកខាងក្រោម ។

លោកបន្តថា “ទីក្រុងភ្នំពេញ និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានពង្រីកជាបន្តបន្ទាប់ ដូច្នេះ ហើយទីក្រុងភ្នំពេញត្រូវការទំនប់ដើម្បីទប់ទឹក ជាពិសេសស្តារនៅស្ទឹកព្រែកត្នោត ខណៈដែលនៅភាគខាងក្រោមត្រូវបានរួមតូច ”។

លោកបន្តថា “ទីក្រុងភ្នំពេញមានជំនន់ ៣ ផ្នែក គឺជំនន់ទឹកភ្លៀង ជំនន់ទឹកទន្លេមេគង្គត្រូវបានគំរាមកំហែង និងជំនន់ទឹកនៅស្ទឹងព្រែកត្នោត “។ លោកបន្តថា ដោយមើលឃើញពីបញ្ហានេះរដ្ឋាភិបាលកម្ពុជា បានពិភាក្សាជាមួយក្រុមហ៊ុនចិន ដើម្បីស្តារស្ទឹងព្រែកត្នោតនេះឡើងវិញ ក្នុងការកាត់បន្ថយជំនន់ទឹកភ្លៀងនៅក្នុងក្រុងភ្នំពេញ ។

លោកបន្ថែមថា “នៅក្នុងផែនការនេះ គឺដើម្បីធ្វើយ៉ាងណាកុំឱ្យមានជំនន់ទឹកភ្លៀង នៅក្នុងក្រុងភ្នំពេញ និងទាញទឹកទៅស្រោចស្របវិស័យកសិកម្មដែលមានផ្ទៃដីជាង ១០០ ហិកតា ដែលនឹងត្រូវប្រើប្រាស់រយៈពេល ៣៦ ខែ ទើបរួចរាល់ ហើយនឹងជួយរំដោះទឹកជំនន់ទឹកទន្លេមេគង្គ និងស្ទឹងព្រែកត្នោតកាន់តែមានប្រសិទ្ធិភាពក្នុងរយៈពេល ២ ទៅ ៣ ឆ្នាំទៀត” ។

លោកញ្ជាក់ទៀតថា ទីក្រុងភ្នំពេញ ត្រូវតែមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទំនប់ទប់ទឹក ឱ្យបានត្រឹមត្រូវ ដើម្បីស្រូបយកទឹកនៅក្នុងទីក្រុងឱ្យបានលឿន និងរៀបចំឱ្យមានអាងស្តុកទឹកផងដែរ ដើម្បីឆ្លើយតបទៅនឹងពង្រីកហេដ្ឋារចនាសម្ព័ន្ធ និងទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here