ដោយ៖ ប៊ី
ភ្នំពេញ៖ ប្រទេសកម្ពុជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន៦ នៅប្រទេសចិន ខណៈមជ្ឈមណ្ឌលទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាសវិនិយោគ និងពាណិជ្ជកម្មដល់ការទាក់ទាញវិនិយោគិនចិន។

មជ្ឈមណ្ឌលទាំងនេះមាននៅក្រុងក្វាងចូវខេត្តក្វាងទុង ក្រុង Xi’an ខេត្ត Shaanxi; ក្រុង Haining ខេត្តស៊ីជាំង ក្រុងយ៉ានតៃ ខេត្តសានទុង ហុងកុង និងគុនមីងខេត្តយូណាន។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ធ្លាប់មានប្រសាសន៍ថា “មជ្ឈមណ្ឌលទាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ជាវេទិកាបង្ហាញផលិតផលកម្ពុជា និងចែករំលែកព័ត៌មានស្តីពីទេសចរណ៍ក៏ដូចជាឱកាសវិនិយោគ និងពាណិជ្ជកម្មដល់ពាណិជ្ជករ និងវិនិយោគិនចិន”។
កាលពីខែឧសភាឆ្នាំមុន មន្រ្តីកម្ពុជាជាង ១០០ នាក់បានចូលរួមការតាំងពិព័រណ៍អន្ដរជាតិសូត្រតាមផ្លូវអន្តរជាតិលើកទី ៤ នៅក្រុង Xi’an នៃខេត្តសាអានស៊ី។
នៅខែបន្ទាប់ អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត Shaanxi លោក Shi Zhijun មានប្រសាសន៍ថា រដ្ឋាភិបាល Shaanxi គួរតែរៀបចំព្រឹត្តិការណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត ដើម្បីផ្តល់ព័ត៌មានដល់ក្រុមហ៊ុនចិនអំពីច្បាប់វិនិយោគនៅកម្ពុជា។
លោកបានមានប្រសាសន៍ថា “យើងចាំបាច់ត្រូវផ្លាស់ប្តូរទស្សនកិច្ចជាញឹកញាប់រវាងមន្រ្តីជាន់ខ្ពស់មកពីខេត្ត Shaanxi និងប្រទេសកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងការទទួលយកព័ត៌មានទៅវិញទៅមក។
លោកបានថ្លែងថា “យើងលើកទឹកចិត្តក្រុមហ៊ុននៅខេត្ត Shaanxi ឱ្យវិនិយោគនៅកម្ពុជា។ ថ្មីៗនេះយើងបង្កើតវេទិកាអាជីវកម្មមួយ ដើម្បីផ្តល់នូវការវាយតម្លៃហានិភ័យ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀត។
យោងតាមទិន្នន័យរបស់ក្រសួងផ្លូវការ ចិនបានវិនិយោគទឹកប្រាក់ប្រមាណ ១៤,៧ ពាន់លានដុល្លារនៅកម្ពុជាពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៦។
ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនបានកើនឡើងដល់ ៩,៤២ពាន់លានដុល្លារអាមេរិកក្នុង២០១៩។ នេះបើយោងតាមទិន្នន័យរបស់ស្ថានទូតចិនប្រចាំកម្ពុជា។
រដ្ឋាភិបាលកម្ពុជា និងចិនមានមហិច្ឆតា ពង្រីកការធ្វើពាណិជ្ជកម្មវិនិយោគសេវា និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅជាងមុន សំដៅសម្រេចឱ្យបានគោលដៅពាណិជ្ជកម្មសរុប ១០ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៣ ខណៈការចរចាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានបិទបញ្ចប់ជាផ្លូវការ៕






