ដោយវុត្ថា
ភ្នំពេញ៖ នៅខែសីហានេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ថ្មីមួយទៀត តម្លៃជាង ១០ លានដុល្លារអាមេរិក នៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ។

តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន FOREVER FUG GARMENT CO., LTD. គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២០នេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍ B ផ្លូវលេខ១២៧ ភូមិត្បូងអង្គ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.២៦៣កន្លែង។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង កាលពីកន្លងមកថ្មីៗនេះ ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលខេត្ត បានស្វាគមន៍រាល់គម្រោងវិនិយោគទាំងអស់ចូលមកកម្ពុជា ក៏ដូចជាខេត្តកំពង់ស្ពឹដោយមិនប្រកាន់ចំពោះតែវិនិយោគិនចិន អាមេរិក និងអឺរ៉ុបនោះទេ ឱ្យតែមកបណ្តាក់ទុកវិនិយោគផ្តល់កំណើនសេដ្ឋកិច្ច និងកម្លាំងពលកម្មដល់ពលរដ្ឋមកម្ពុជា។
បន្ទាប់ពីស្ថានភាពនៃការរាតត្បាតជំងឺឆ្លងត្រូវបានស្ងប់ស្ងាត់មួយរយៈពេលចុងក្រោយនេះ បណ្តាវិនិយោគិនជាតិ និងអន្តរជាតិជាច្រើន បានចូលមកសិក្សា និងពីភាក្សាទៅលើគម្រោងវិនិយោគរបស់ពួកគេ នៅក្នុងខេត្តកំពង់ស្ពឺនៅក្នុងវិស័យសំខាន់ៗមួយចំនួន ដែលក្នុងនោះក៏មានគម្រោងសាងសង់អគារពាណិជ្ជកម្មផងដែរ។
លោកបន្តថា ខេត្តកំពង់ស្ពឺន បានទាក់ទាញក្រុមហ៊ុនវិនិយោគបរទេស និងនៅក្នុងស្រុកជាច្រើនបានចូលមកសិក្សា និងបណ្តាក់ទុនវិនិយោគលើវិស័យជាច្រើនរួមមានវិស័យទេសចរណ៍ កសិកម្ម និង រោងចក្រសហគ្រាសផ្សេងៗ ដែលបច្ចុប្បន្ននេះ មានរោងចក្រសហគ្រាសប្រមាណជិត២៦១ ដែលបានផ្តល់ឱកាសការជូនពលរដ្ឋជាង ១២ ម៉ឺននាក់ ។
ខេត្តកំពង់ស្ពឺ បានក្លាយជាគោលដៅដ៏ទាក់ទាញ និងមានប្រជាប្រិយភាពលើការវិនិយោគក្នុងវិស័យឧស្សាហកម្ម រោងចក្រ វិស័យកសិ–ឧស្សាហកម្ម វិស័យអចលនទ្រព្យ វិស័យទេសចរណ៍ និងវិស័យអប់រំកម្រិតខ្ពស់ ដែលបានចាក់បញ្ចូលប្រាក់ចំណូល ដល់សេដ្ឋកិច្ចជាតិរាប់ពាន់លានដុល្លារតាមរយៈខេត្តមួយនេះ ៕






